កូរ៉េខាងជើង អះអាងថា ភាពអត់ធ្មត់មានដែនកំណត់ ក្នុងការផ្សារភ្ជាប់ទំនុកចិត្តជាមួយអាមេរិក

10-10-2019 6:02pm

កូរ៉េខាងជើងៈ កូរ៉េខាងជើង បាននិយាយនៅថ្ងៃព្រហស្បត្តិ៍នេះថា ភាពអត់ធ្មត់របស់ពួកគេមានដែនកំណត់ ហើយអាចនឹងផ្លាស់ប្តូរជំហានក្នុងការផ្សាភ្ជាប់ទំនុកចិត្តជាមួយសហរដ្ឋអាមេរិក ពេលដែលពួកគេ បានរិះគន់ដល់ការអំពាវនាវរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ពួកគេ ហើយនិងបានថ្កោលទោសដល់ការធ្វើតេស្តមីស៊ីលរបស់សហរដ្ឋអាមេរិក។

សមាជិកអឺរ៉ុប៥រដ្ឋរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជួបជុំគ្នាកាលពីថ្ងៃអង្គារ ដើម្បីជំរុញឲ្យកូរ៉េខាងជើង បោះជំហានដ៏មោះមុតឆ្ពោះទៅរកការបោះបង់ចោលអាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលរបស់ពួកគេទាំងស្រុង ។

ការអំពាវនាវបែបនេះ បានកើតមានឡើង ក្រោយពេលកូរ៉េខាងជើង បាននិយាយថា ពួកគេបានបាញ់មីស៊ីលបាលីស្ទិកថ្មីចេញពីនាវាមុជទឹក ដែលជាសកម្មភាពបង្ករឿងខ្លាំងបំផុតរបស់កូរ៉េខាងជើង ចាប់តាំងពីពួកគេចាប់ផ្តើមកិច្ចរចាឡើងវិញជាមួយសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៨។

កូរ៉េខាងជើង ដែលបានព្យាយាមទ្រទ្រង់កិច្ចពិភាក្សា ដែលរួមទាំងជំនួប៣លើករវាងមេដឹកនាំរបស់ពួកគេ លោកគីម ជុងអ៊ុន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ នោះ បានបញ្ឈប់ការសាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិកអន្តរទ្វីប ICBMរបស់ពួកគេទៅហើយ៕