រយៈពេល៨ខែឆ្នាំនេះ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន២២២គម្រោង​ ស្មើនឹងទឹកប្រាក់ជាង៦ប៊ីលានដុល្លារ

10-10-2019 5:58pm

ភ្នំពេញៈ ក្នុងរយៈពេល៨ខែឆ្នាំនេះ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន២២២គម្រោង ស្មើនឹងទឹកប្រាក់ជាង ៦ប៊ីលានដុល្លារ ដែលធ្វើឲ្យវិស័យនេះ បានជួយជំរុញកំណើនសេដ្ឋកិច្ចជាតិយ៉ាងមានប្រសិទ្ធភាព។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី “សក្តានុពលនៃការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានប្រសាសន៍ថា ក្នុងរយៈពេល៨ខែឆ្នាំ២០១៩នេះកម្ពុជាមាន គម្រោងវិនិយោគចំនួន ២២២គម្រោង ដែលមានទុនវិនិយោគប្រមាណជាង ៦ប៊ីលានដុល្លារអាមេរិក ពោលគឺមានការកើនឡើងចំនួន ៨១គម្រោង និងទុនវិនិយោគប្រមាណ ១,៨៨ប៊ីលានដុល្លារអាមេរិក ។

លោកបានបញ្ជាក់ថា ការកើនឡើងនៃគម្រោងវិនិយោគជាតិ និអន្ដរជាតិនេះ គឺដោយសារតែកម្ពុជាមានសុខសន្ដិភាព ការបើកចំហសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគទាំងអស់ ទំាងកម្លាំងពលកម្ម សក្តានុពលការអភិវឌ្ឍទេសចរណ៍ វប្បធម៌ និងធម្មជាតិ និងកម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្រ្ដក្នុងតំបន់អាស៊ានផងដែរ។

លោកបន្តថា ក្នុងចំណោមគម្រោងវិនិយោគទំាង២២២គម្រោននេះ ចំនួនគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្ម និង កម្មន្តសាលមានការកើនឡើងខ្លាំង ខណៈទុនវិនិយោគក្នុងវិស័យទេសចរណ៍មានការកើនឡើងជាគំហុក ប្រមាណជាង ៩៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។

លោកបន្ដថា  ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានគម្រោងចំនួន ៧១គម្រោង ដែលមានទុនវិនិយោគប្រមាណ ៥៧៨លានដុល្លារអាមេរិក ពោលគឺមានការកើនឡើងចំនួន ២៦គម្រោង និងទុនវិនិយោគប្រមាណ ១៩លានដុល្លារអាមេរិក។ បើគិតត្រឹមខែសីហា ឆ្នាំ២០១៨ នេះ តំបន់សេដ្ឋកិច្ចពិសេសដែលកំពុងមានប្រតិបត្តិការមានចំនួន ២៣តំបន់ ក្នុងនោះមានគម្រោងវិនិយោគចំនួន ៤៨២គម្រោង ដែលមានទុនវិនិយោគប្រមាណជាង ៣, ៦ប៊ីលានដុល្លារអាមេរិក ហើយទំហំនៃការនាំចេញដែលមានប្រភពចេញពីតំបន់សេដ្ឋកិច្ចពិសេសមានប្រមាណ ១៥ភាគរយ នៃទំហំនាំចេញសរុបរបស់ព្រះរាជាណាចក្រកម្ពុជាក្នុង ឆ្នាំ២០១៨៕