RUSADA ទទួលស្គាល់ថា មានអ្នកក្លែងបន្លំទិន្នន័យគ្រឿងញៀនអត្តពលិករុស្ស៊ី

10-10-2019 5:36pm

អត្តពលកម្មៈ លោក Yuri Ganus គឺជាប្រធានទីភ្នាក់ងារប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀនរុស្ស៊ី(RUSADA) មានជំនឿយ៉ាងមុតមាំថា ទិន្នន័យដែលបានផ្តល់ជូនពីមន្ទីរពិសោធន៍ទីក្រុងម៉ូស្កូ ដល់ទីភ្នាក់ងារប្រឆាំងការប្រើប្រាស់គ្រឿងញៀនពិភពលោក(WADA)ត្រូវបានគេលួចសម្របសម្រួលដោយចេតនា ហើយការដាក់ទោសដ៏ធ្ងន់ធ្ងរមួយ ត្រូវបានរំពឹងថានឹងធ្វើឡើង។

លោក Ganusដែលទទួលបានការតែងតាំងជាប្រធាន RUSADAកាលពីឆ្នាំ២០១៧នោះ បាននិយាយថា ការផ្លាស់ប្តូរទិន្នន័យ មានលក្ខណៈទ្រង់ទ្រាយធំ ហេតុដូច្នេះហើយវាមិនអាចជារឿងចៃដន្យបាននោះទេ។

លោកបន្តទៀតថា វាមិនមែនជាទិន្នន័យដែលត្រូវបានលប់នោះទេ ប៉ុន្តែវាគឺជាទិន្នន័យដែលបានក្រឡៃឡើងវិញ ឬប្តូរកាលបរិច្ឆេតតាមវិធីណាមួយ។ មាននរណាបានព្យាយាមបិតបាំងព័ត៌មានទាំងនេះ ។ វាអាចជាសំនួរពីឈ្មោះអត្តពលិក។

លោក Ganus បានបញ្ជាក់ទៀតថា ការផ្លាស់ប្តូរទិន្នន័យនេះ អាចនឹងធ្វើឡើងកាលពីរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

ខណៈពេលនោះដែរ រដ្ឋមន្រ្តីក្រសួងកីឡារុស្ស៊ី លោក Pavel Kolobkov បាននិយាយ ថា រុស្ស៊ី បានឆ្លើយតបនឹងសំនួរទាំងអស់ដែលបានចោទសួរដោយ WADA ពាក់ព័ន្ធនឹងភាពមិនត្រូវគ្នានៃទិន្នន័យពីមន្ទីរពិសោធន៍ប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀនទីក្រុងម៉ូស្កូ៕