ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថា សង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក ជាឱកាសកម្ពុជា ទាញអ្នកវិនិយោគ

10-10-2019 5:32pm

ភ្នំពេញៈ លោក ជា វុទ្ធី អគ្គលេខាធិការរង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានបញ្ជាក់ថា សង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសមហាអំណាចចិន-អាមេរិក គឺជាឱកាសសម្រាប់កម្ពុជា ក្នុងការចាប់យកអ្នកវិនិយោគ មកបន្ថែមទៀត ខណៈកម្ពុជាមានសុខសន្ដិភាពពេញលេញ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី សក្កានុពលនៃការវិនិយោគនៅកម្ពុជា នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ លោក ជា វុទ្ធី បានឲ្យដឹងថា សង្គ្រាមពាណិជ្ជកម្ម រវាងចិន-អាមេរិក គ្មានអ្នកណាចង់ឲ្យកើតឡើងទេ។

លោកមានប្រសាសន៍ថា ប៉ុន្ដែក៏ជាឱកាសមួយ ដែលយើងអាចចាប់យកទៅនឹងអ្វី ដែលកើតឡើងចេញអំពីភាពតឹងតែង នៃពាណិជ្ជកម្មរវាងអាមេរិក និងចិន។ ក្រុមហ៊ុនដែលគាត់វិនិយោគ នៅប្រទេសចិន ក៏ត្រូវជួបបញ្ហា មិនមែនតែក្រុមហ៊ុនចិនទេ ក្រុមហ៊ុនបរទេស ក្រុមហ៊ុនមកពីអឺរ៉ុប ក្រុមហ៊ុនមកពីអាមេរិក ក៏ មានបញ្ហាដែល។ ដូច្នេះ ដើម្បីគាត់អាចរស់បាន គាត់ត្រូវទៅបណ្ដាប្រទេសដទៃទៀត នៅក្នុងតំបន់ ហើយប្រទេសដែលទទួលបានផល គឺជាប្រទេស ដែលនៅក្នុងតំបន់អាស៊ានរបស់យើង ម៉ាឡេក៏បាន ថៃក៏បាន វៀតណាមក៏បាន កម្ពុជាយើងក៏បានដែរ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជឿជាក់ថា សង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក នឹងមានភាពធូរស្រាល នាពេលខាងមុខតាមរយៈ នៃការចរចារគ្នា។ ឆ្លៀតឱកាសនោះ លោក ជា វុទ្ធី ក៏បានលើកឡើងថា កម្ពុជាមានសុខសន្ដិភាព និងស្ថេរភាពនយោបាយ ដែលធ្វើឲ្យមានកំណើនសេដ្ឋកិច្ច ជាមធ្យម ៧,៧% ក្នុង១ឆ្នាំ។ជាពិសេស ធ្វើឲ្យកម្ពុជារួចផុតពីប្រទេស ដែលមានឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច ទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប។

លោកបន្ដថា បើស្ថានភាពសេដ្ឋកិច្ចកម្ពុជា នៅតែមានការកើនឡើង មិនយូរមិនឆាប់ទេ ប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ (EBA) នឹងត្រូវបាត់បង់ដោយខ្លួនឯង ។ ក៏ប៉ុន្ដែគ្មានមេដឹកនាំណាមួយ នៅលើពិភពលោក ចង់ឲ្យបាត់បង់ EBA ឡើយ៕