ចោរគាស់ទូដែក យកអស់ជាង៣ម៉ឺនដុល្លារ ក្នុងបុរីវិមានភ្នំពេញ ជាងកន្លះខែហើយ ប៉ូលិស​ខណ្ឌឫស្សីកែវ មិនទាន់រកបានតម្រុយអ្វីសោះ

10-10-2019 5:27pm

ភ្នំពេញៈ កាលពីអំឡុងបុណ្យ​ភ្ជុំបិណ្ឌ ខណៈម្ចាស់មិននៅផ្ទះ ទៅធ្វើបុណ្យស្រុកកំណើត ជនសង្ស័យ បាន​ចូលផ្ទះពលរដ្ឋក្នុងបុរីវិមានភ្នំពេញ តាមបណ្ដោយផ្លូវជាសុផារ៉ា ស្ថិតនៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ លួច​គាស់ទូដែក យកទ្រព្យសម្បត្តិអស់ជាង៣ម៉ឺនដុល្លារ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅពេលជនរងគ្រោះមិនទាន់ទទួលបានតម្រុយអ្វីសោះ ក្រោយពីគាត់​បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគររដ្ឋបាលសង្កាត់ច្រាំងចំរេះ២ បន្ទាប់ពីកើតហេតុភ្លាមៗ តែរហូតមកដល់ថ្ងៃនេះ ជាងកន្លះហើយ សមត្ថកិច្ច មិនទាន់ស្រាវជ្រាវបានមុខសញ្ញា​បន្តិចសោះ។

ជនរងគ្រោះ បានឲ្យដឹងថា សម្ភារៈបាត់បង់មាន៖ គ្រឿងអលង្ការ និងលុយកាក់មួយចំនួន សរុបទឹកប្រាក់ប្រហែលជាង ៣ម៉ឺនដុល្លារ។

ជនរងគ្រោះ បាន​សំណូមពរទៅសមត្ថកិច្ច ឲ្យជួយស្វែងរក ចាប់ជនសង្ស័យយកមកផ្ដន្ទាទោសឲ្យបានឆាប់ ខណៈដែល​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ មិនទាន់ចាប់ចោរបានទៀត ធ្វើឲ្យជនរងគ្រោះ អស់សង្ឃឹមទៅលើចំណាត់ការសមត្ថកិច្ច។ ពលរដ្ឋក្នុងខណ្ឌឬស្សីកែវ ក៏ចង់ឃើញស្នាដៃលោកអធិការ ទើបទ្បើងតំណែងថ្មី ព្រោះ​តាមប្រវត្តិធ្លាប់ មានជំនាញព្រហ្មទណ្ឌ និងមានបទពិសោធន៍ជាច្រើនឆ្នាំ តើអាចមានសមត្ថភាព ចាប់ជនសង្ស័យបានដែរឬទេ?

ពលរដ្ឋរស់នៅក្នុងបុរីវិមានភ្នំពេញ បានឲ្យដឹងថា ពួកគាត់បាន​បង់ថ្លៃ​សន្តិសុខក្នុងមួយខែ ១០ដុល្លារ ដើម្បី​យាមកាម២៤ម៉ោងលើ២៤ម៉ោង និងមាន​ដាក់បារ៉ាស់ផ្លូវចេញចូលយ៉ាងតឹងរឹងបំផុត ហេតុអ្វី​នៅតែមានចោរចូលលួចបានទៀត ហើយពេលជនរងគ្រោះ ទៅសួរនាំខាងក្រុមហ៊ុន បែរជា​ទទួលបានចម្លើយថា ចូលរួមសោកស្ដាយផង សូមឲ្យអ្នករស់នៅមានការប្រុងប្រយ័ត្ន៕