អាមេរិក អះអាងថា ខ្លួនមិនបានឯកភាពឲ្យតួកគីឈ្លានពានតំបន់ភាគខាងជើងស៊ីរីនោះឡើយ

10-10-2019 5:03pm

ស៊ីរីៈ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោកម៉ៃ ផមផ្យូ បាននិយាយថា សហរដ្ឋមិនបានបើកភ្លើងខៀវឲ្យតួកគី ឈ្លានពានតំបន់ភាគខាងជើងប្រទេសស៊ីរីនោះឡើយ។

លោកផមផ្យូ បាននិយាយការពារដល់ការសម្រេចចិត្តរបស់ប្រធានាធិបតីដូណាល់ ត្រាំ ដកទាហានអាមេរិកចេញពីតំបន់ព្រំដែន ដែលបានបង្កឲ្យមានការផ្ទុះកំហឹងយ៉ាងខ្លាំងនៅសហរដ្ឋអាមេរិក និងនៅបរទេស។

បច្ចុប្បន្ន តួកគី បានបើកការវាយប្រហារមកលើដែនដីដែលគ្រប់គ្រងដោយកងកម្លាំងដឹកនាំដោយក្រុមឃើដ។

ប្រធានាធិបតីតួកគី លោករ៉េសេប តាយយីប អ៊ឺដូហ្គែន បាននិយាយថា គោលដៅនៃការឈ្លានពានលើកនេះ គឺដើម្បីការពារការបង្កើតច្រករបៀងភេរវកម្មនៅតាមតំបន់ព្រំដែន។

កងកម្លាំងតួកគី មានផែនការបង្កើត “តំបន់សុវត្ថិភាព” ដោយបោសសំអាតក្រុមជីវពលឃើដ ដែលទទួលជនភៀសខ្លួនស៊ីរីផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ កងកម្លាំងដឹកនាំដោយក្រុមឃើដ បានប្តេជ្ញាចិត្តថា នឹងទប់ទល់ការឈ្លានពាននេះ និងបានប៉ះទង្គិចរួចទៅហើយជាមួយទាហានតួកគី។

ក្រុមឃើដ ដែលបានជួយផ្តួលរំលំក្រុមរដ្ឋអ៊ីស្លាមនៅស៊ីរី និងជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក ក្នុងការធ្វើសង្រ្គាមនោះ បានបង្ខាំងទុកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមរាប់ពាន់នាក់ និងសាច់ញាតិរបស់ពួកគេនៅក្នុងគុក និងក្នុងជំរំ នៅតំបន់ដែលគ្រប់គ្រងដោយពួកគេ។ គេនៅមិនទាន់ដឹងច្បាស់នោះទេថាតើ ពួកគេនឹងបន្តធ្វើដូច្នេះឬយ៉ាងណា បើសិនជាសង្រ្គាមផ្ទុះឡើងជាមួយតួកគីហើយនោះ៕