អាជ្ញាធររាជធានី ជំរុញឲ្យអាជ្ញាធរខណ្ឌ មន្ទីរ ក្រុមហ៊ុនពាក់ព័ន្ធ ចូលរួមថែទាំ និងមើលការខុសត្រូវភ្លើងបំភ្លឺសាធារណៈ សួនច្បារ និងដើមឈើ

10-10-2019 1:20pm

ភ្នំពេញៈ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌ មន្ទីរ និងក្រុមហ៊ុនពាក់ព័ន្ធចូលរួមថែទាំនិងមើលការខុសត្រូវភ្លើងបំភ្លឺសាធារណៈ សួនច្បារ និងដើមឈើ ដើម្បីឲ្យរាជធានីភ្នំពេញ ក្លាយជាទីក្រុងមានភាពទាក់ទាញទាំងភ្ញៀវជាតិ  និងអន្តរជាតិ។

ការជំរុ​ញបែបនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំស្ដីពីការគ្រប់គ្រងជួសជុល និងថែទាំភ្លើងបំភ្លឺសាធារណៈ ដោយមានការចូលរួមពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រុមហ៊ុន PPD E&C និងរដ្ឋបាលខណ្ឌទាំង១៤ ដើម្បីចូលរួមថែទាំ ជួសជុល អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធបំភ្លឺសាធារណៈ និងការថែទាំដើមឈើ សួនច្បារសាធារណៈ។

លោក ឃួង ស្រេង បានបញ្ជាក់ថា រាជធានីភ្នំពេញរបស់យើងមានវិសាលភាពកាន់តែធំ ដោយយើងបានកាត់សង្កាត់មួយចំនួនពីខេត្តកណ្តាល ។ ដូច្នេះទេការបម្រើសេវាជូនប្រជាពលរដ្ឋក៏មានការកើនឡើងផងដែរ ដូចជាការតំឡើងភ្លើងបំភ្លឺសាធារណៈជាដើម ហើយបញ្ហានេះប្រជាពលរដ្ឋតែងតែបានលើកឡើងជាសំណើ និងសំណូមពរនៅក្នុងវេទិកាសាធារណៈ ដោយអោយអាជ្ញាធររបស់យើងជួយដាក់ភ្លើងបំភ្លឺសាធារណៈនៅតាមភូមិដ្ឋានរបស់ពួកគាត់។ លើបញ្ហានេះយើង បានគិតគូរនិងបានដាក់ភ្លើងបំភ្លឺសាធារណៈជូនទៅដល់បងប្អូនប្រជាពលរដ្ឋ ច្រើនហើយដែរ បើទោះបីមិនបាន១០០ភាគរយក្តី ពោលគឺយើងអនុវត្តទៅលទ្ធភាពដែលយើងមាន។ មានន័យថា អ្វីដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋផ្តល់ជូនភ្លាមតែម្តង។

លោក ឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ ចូលរួមថែទាំ និងមើលការខុសត្រូវទៅលើភ្លើងបំភ្លឺសាធារណៈ ទៅលើសួនច្បារនិងដើមឈើជាដើម ពោលគឺកន្លែងណាដែលមានការខូចខាតត្រូវធ្វើជារបាយការណ៍ ឬរាយការណ៍មកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីនិងក្រុមហ៊ុនពាក់ព័ន្ធដើម្បីធ្វើការជួសជុលនិងកែលំអឡើងវិញ ។ ដូច្នេះទេការងារនេះ យើងត្រូវតែរួមគ្នាធ្វើដើម្បីឲ្យរាជធានីភ្នំពេញរបស់យើង មានភ្លើងបំភ្លឺសាធារណៈសួនច្បារនិងដើមឈើ គួរជាទីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ៕