គម្រោង កែលំអរសួនច្បារ ចំណុចជិតគល់ស្ពានគីហ្សូណា សម្រេចបាន១០០%ហើយ ប៉ុន្តែ ត្រូវកែសម្រួលខ្លះ ដើម្បីត្រៀមសម្ពោធជាផ្លូវការ

10-10-2019 12:51pm

កំពង់ចាមៈ ដើម្បីសិក្សាលម្អិតទៅលើវឌ្ឍនភាពគម្រោង ផ្អែកតាមមូលដ្ឋានបច្ចេកទេស កាលពីរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ លោក ញ៉ែម វ៉ាលី រដ្ឋលេខាធិការក្រសួងធម៌ការ និងសាសនា និងជាអគ្គលេខាធិកាក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរ ដោយមន្ត្រីពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យគម្រោងកែលំអរសួនច្បារ ចាប់ពីចំណុចគល់ស្ពានគីហ្សូណា ឆ្ពោះទៅដល់ចំណុចអតីតកំពង់សាលាឡាងចាស់ ស្ថិតនៅសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ 

គួរបញ្ជាក់ដែរថា ការកសាងគម្រោងកែលម្អសួនច្បារនេះ ធ្វើឡើង ដើម្បី រួមចំណែកការពារការបាក់ស្រុតច្រាំងទន្លេ និងជាផ្នែកមួយធ្វើឲ្យប្រសើរឡើងនូវសោភណ្ឌភាពក្រុង ព្រមទាំង ទុកជាទីកន្លែងសាធារណៈ សម្រាប់បងប្អូនប្រជាពលរដ្ឋដើរលំហែកាយ ផងដែរ ។ គម្រោងនេះ មានប្រវែងបណ្ដោយ ២៣២ម៉ែត្រ ទទឹង ៥៥ម៉ែត្រ និង ២៣ម៉ែត្រ ។ ដែលមកដល់បច្ចុប្បន្ន គម្រោងសម្រេចការងារសាងសង់ បានប្រមាណ ១០០%ហើយ ប៉ុន្តែ ម្ចាស់គម្រោង តម្រូវឲ្យក្រុមហ៊ុនទទួលការ សាងសង់ កែសម្រួល លើផ្នែកខ្លះៗ ដើម្បី ត្រៀមសម្ពោធជាផ្លូវការ នាពេលខាងមុខនេះ ៕