ភាពយន្តដ៏ល្បី « Gemini Man » ចាក់បញ្ចាំងតាមរោងភាពយន្តទំនើប ចាប់ពីថ្ងៃនេះតទៅ

10-10-2019 12:01pm

ភ្នំពេញៈ Gemini Man ដែលជាភាពយន្តបែបបាញ់ប្រហារដ៏ល្បីល្បាញសម្ដែងដោយតារាល្បីឈ្មោះ Will Smith និងកំពុងចរាចរពាសពេញពិភពលោក បានប្រកាសចាក់បញ្ចាំងនៅប្រទេស កម្ពុជាហើយ។

ការប្រកាសចាក់បញ្ចាំងរឿងនេះ ត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី៩ ខែតុលានេះ នៅរោង ភាពយន្ត Major Cineplex ក្នុងផ្សារទំនើប AEON 1 ដោយមានវត្តមានអ្នកគាំទ្រជាច្រើនចូលរួម អបអរសាទរ ព្រមទាំងមានការបង្ហាញនូវក្បាច់រាំង និងជួបសំណេះសំណាលជាមួយអ្នកជំនាញជាច្រើន។

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍បន្ទាប់ពីទស្សនាភាពយន្ត « Gemini Man » រួច ទស្សនិកជនជាច្រើនលាន់មាត់សរសើរពីស្នាដៃសម្តែងរបស់លោក Will Smith ដែលជាតួឯកប្រុសនៅក្នុងរឿងនេះ។

«Gemini Man» គឺជាភាពយន្ដវាយតប់ បាញ់ប្រហារ ដែលសម្តែងកំពូលតារាសម្ដែងហូលីវូត ដោយ វីល ស្មីត (Will Smith ) ជាតួអង្គ Henry Brogan ឃាតកដ៏ប៉ិនប្រសប់។ លោកបានក្លាយជា គោលដៅដ៏ធំ ក្នុងការចាប់ខ្លួនពីមន្រ្តីប្រតិបត្តិការសម្ងាត់។ អ្នកដឹកនាំរឿង បានធ្វើការច្នៃប្រឌិតខ្ពស់ក្នុងការផលិត ដែលតម្រូវឱ្យមួយរឿងនេះ វីលស្មីត សម្ដែងជាតួអង្គមនុស្សក្លូន ដែល មើលទៅហាក់បីដូចជាមនុស្សភ្លោះ តែវ័យខុសគ្នា៣០ឆ្នាំ។

ភាពយន្ដនេះ ត្រូវបានដឹកនាំសម្ដែង ដោយម្ចាស់ពានរង្វាន់អូស្ការជាច្រើនរឿង គឺលោក Ang Lee សហការផលិតជាមួយផលិតករភាពយន្ដធំទៀតដូចជា Gerry Bruckheimer , David Ellison , Dana Goldberg and Don Granger។ បើយោងតាមសារព័ត៌មានកម្សាន្ដបរទេស លោក Ang Lee បានប្រាប់ឱ្យដឹងថា ភាពយន្ដមួយប្រភេទ គឺមិនមែនជារឿងដែលងាយស្រួល ក្នុងការផលិត ជាភាពយន្ដនោះទេ។

កាន់តែជាក់ច្បាស់ពីសាច់រឿងល្អមើល « Gemini Man » ប្រហោងពោះដល់កម្រិតណានោះ សូមកុំភ្លេចទៅទស្សនា នៅរោងភាពយន្ដ Major Cineplex By Smart គ្រប់សាខាពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នេះតទៅហើយ៕