លោក Stefano Pioli អាចបន្តវេនពីលោក Marco Giampaolo ជាអ្នកចាត់ការថ្មីរបស់ក្លិប AC Milan

10-10-2019 11:49am

បាល់ទាត់ៈ កាលពីថ្ងៃអង្គារម្សិលមិញនេះ ក្លិបយក្សអ៊ីតាលី AC Milanបានបណ្តេញ Marco Giampaolo ចេញពីតំណែងគ្រូបង្វឹក  ក្រោយគ្រប់គ្រងបាន៧ប្រកួតប៉ុណ្ណោះ ស្របពេលដែលពួកគេ ធ្លាក់ទៅឈរនៅលេខរៀងទី១៣ លើតារាង Serie A ក្នុងនោះ អតីតគ្រូបង្វឹករបស់ក្រុម Inter Milanលោក Stefano Pioli អាចនឹងបន្តវេនពីគាត់។

លោក Giampaolo បានបន្តវេនពីអតីតវិរបុរសក្លិប AC Milanលោក Gennaro Gattuso ដែលបានលាលែងពីតំណែង ក្រោយក្រុមបាត់មុខពីការប្រកួត  Champions Leagueកាលពីរដូវកាលមុន ពេលដែលពួកគេឈរនៅលេខរៀងទី៥។

ទោះបីជាយ៉ាងណាក៏ដោយ ក្រោយបរាជ័យ៤លើក ដែលរួមទាំងបរាជ័យ០-២ជាមួយក្រុម Inter Milanនោះ ក្រុមជើងឯកបាល់ទាត់អឺរ៉ុប៧សម័យកាលមួយនេះ មានតែ៣ពិន្ទុប៉ុណ្ណោះ ពីលើតំបន់គ្រោះថ្នាក់។

ក្លិប AC Milanបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្លិបមានការដឹងគុណខ្លាំងណាស់ដល់លោក Marco សម្រាប់ការងារប្រឹងប្រែងរបស់លោក ហើយនិងសូមជូនពរលោកឲ្យជួបតែសំណាងល្អបំផុតនៅក្នុងអាជីពបាល់ទាត់របស់លោក៕