កីឡាករ Tammy Abraham ៖ អង់គ្លេសនឹងដើរចេញពីការប្រកួតបើសិនកើតមានករណី បំពានជាតិសាសន៍

10-10-2019 11:25am

បាល់ទាត់ៈ កាលពីថ្ងៃអង្គារម្សិលមិញនេះ ខ្សែប្រយុទ្ធ Tammy Abraham បាននិយាយ ប្រាប់ BBCថា ក្រុមកីឡាករជម្រើសជាតិអង់គ្លេស បានត្រៀមខ្លួនរួចរាល់ក្នុងការដើរចេញពីការប្រកួត បើសិនជាពួកគេក្លាយជាកម្មវត្ថុនៃការបំពានដោយជាតិសាសន៍នៅការប្រកួតជម្រុះ Euro 2020 ជាមួយក្រុមជម្រើសជាតិឆេក និងក្រុមជម្រើសជាតិប៊ុលហ្គារី។

គួរឲ្យដឹងថា ក្រុមជម្រើសជាតិអង់គ្លេស នឹងត្រូវប៉ះជាមួយក្រុមម្ចាស់ផ្ទះឆេកនៅការប្រកូតក្នុងពូល Aនាថ្ងៃសុក្រខាងមុខនេះ មុនពេលធ្វើដំណើរទៅជួបជាមួយក្រុមប៊ុលហ្គារី នៅថ្ងៃចន្ទសប្តាហ៍ក្រោយ សម្រាប់ការប្រកួតមួយដែលនឹងបិទពហុកីឡដ្ឋានដោយអន្លើរ ដោយសារតែទង្វើរប្រកាន់ជាតិសាសន៍របស់ក្រុមអ្នកគាំទ្រម្ចាស់ផ្ទះ កាលពីខែមិថុនាកន្លងទៅ។

កីឡាករ Abraham បាននិយាយថា បើសិនជាវាកើតឡើងចំពោះនរណាម្នាក់ក្នុងចំណោមពួកយើង វានឹងកើតឡើងចំពោះពួកយើងទាំងអស់គ្នា។

ដោយឡែក ប្រធានក្រុមជម្រើសជាតិអង់គ្លេសកីឡាករ Harry Kane បាននិយាយដែរថា បើសិនជាយើងមិនសប្បាយចិត្ត បើសិនជាកីឡាករមិនសប្បាយចិត្ត យើងទាំងអស់គ្នា នឹងដើរចេញពីទីលានប្រកួត។

ខណៈពេលនោះដែរ លោក Gareth Southgate គឺជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអង់គ្លេស បានកោះហៅឲ្យមានការជួបប្រជុំរបស់ក្រុម កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ដើម្បីពិភាក្សាលើវិធានការអ្វីត្រូវធ្វើ បើសិនជាពួកគេក្លាយជាគោលដៅនៃការបំពានជាតិសាសន៍ម្តងហើយម្តងទៀតនៅពេលអនាគត៕