ប្រធានអន្តោប្រវេសន៍សហភាពអឺរ៉ុប ជំរុញឲ្យគាំទ្រផែនការជនអន្តោប្រវេសន៍

10-10-2019 11:18am

ទីក្រុងព្រុចសែលៈ  កាលពីថ្ងៃអង្គារម្សិលមិញ មន្រ្តីអន្តោប្រវេសន៍កំពូលមួយរូបរបស់សហភាពអឺរ៉ុប បានជំរុញឲ្យរដ្ឋដែលជាសមាជិកសហភាពអឺរ៉ុប គាំទ្រផែនការបណ្តោះអាសន្ន ដើម្បីទទួលយកជនអន្តោប្រវេសន៍បន្ទាន់ ចេញពីទូកនៅក្នុងសមុទ្រមេឌីទែរ៉ាណេ និងបញ្ជូនពួកគេទៅកាន់ប្រទេសដែលគេចង់ទទួល។

ប្រទេសអាល្លឺម៉ង់ បារាំង អ៊ីតាលី និងប្រទេសម៉ាល់តា កំពុងស្វែងរកការឯកភាពពីដៃគូសហភាពអឺរ៉ុប សម្រាប់ដំណើរការបំលាស់ទីក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោន និងបញ្ជូនពួកគេទៅវិញ សម្រាប់អ្នកដែលមិនបានបំពេញបែបបទសុំសិទ្ធិជ្រកកោន ក្នុងរយៈពេលត្រឹម៤សប្តាហ៍។

ថ្លែងទៅកាន់សន្និសីទកាសែតរួមគ្នា ក្រោយក្រុមរដ្ឋមន្រ្តីមហាផ្ទៃសហភាពអឺរ៉ុប បានជួបគ្នាដើម្បី ពិភាក្សាលើបញ្ហាប្រឈមអន្តោប្រវេសន៍នោះ ស្នងការអឺរ៉ុបសម្រាប់អន្តោប្រវេសន៍ លោក ឌីមីទ្រីស អាវរ៉ាម៉ូពូឡូស បាននិយាយថា ដំណោះស្រាយអចិន្រ្តៃយ៍ ចំពោះវិបត្តិអន្តោប្រវេសន៍ គឺជាកំណែទម្រង់រួមមួយសម្រាប់ប្រព័ន្ធសិទ្ធិជ្រកកោនអឺរ៉ុប។

លោកបានបន្តថា សហភាពអឺរ៉ុបមានបំណងធ្វើឲ្យកិច្ចព្រមព្រៀងតួកគី-សហភាពអឺរ៉ុប រស់រានឡើងវិញ គឺជាកិច្ចព្រមព្រៀងមួយដែលបានចូលជាសុពលភាពកាលពីឆ្នាំ២០១៦ សម្រាប់អ្នកដែលមកដល់កោះក្រិក នឹងត្រូវបញ្ជូនត្រឡប់ទៅកាន់ប្រទេសតួកគីវិញ៕