ចិន ប្រតិកម្មខ្លាំងនឹងសេចក្តីអធិប្បាយរបស់ NBA ពាក់ព័ន្ធនឹងបាតុកម្ម នៅហុងកុង

09-10-2019 3:14pm

ចិនៈ នៅថ្ងៃពុធនេះ សារព័ត៌មានរដ្ឋចិន China Daily បានចោទប្រកាន់សមាគមបាល់បោះជាតិសហរដ្ឋអាមេរិក (NBA)ដែលឯកភាពលើអំពើហិង្សា ស្របពេលដែលជម្លោះបានកើនឡើងទាក់ទិននឹងសេចក្តីអធិប្បាយដោយមន្រ្តីជាន់ខ្ពស់មួយរូប គាំទ្របាតុកម្មនៅទីក្រុងហុងកុង។

អគ្គនាយកក្លិបបាល់បោះ Houston Rockets លោក Daryl Morey បាននិយាយសុំទោសកាលពីធ្ងៃចន្ទ សម្រាប់ការបង្ហោះសារតាម Twitter កាលពីចុងសប្តាហ៍កន្លងទៅ ដែលគាំទ្របាតុកម្មនៅហុងកុង។

សេចក្តីអធិប្បាយដែលត្រូវបានលប់ចេញវិញភ្លាមៗនេះ បានធ្វើមានកំហឹងយ៉ាងខ្លាំងនៅប្រទេសចិន ហើយក្រុមហ៊ុនផ្សព្វផ្សាយ ក្រុមហ៊ុនសម្លៀកបំពាក់កីឡា និងក្រុមហ៊ុនឧបត្ថម្ភចិនជាច្រើនទៀត នឹងពិនិត្យឡើងវិញនូវទំនាក់ទំនងរបស់ពួកគេជាមួយក្រុម Leagueបាល់បោះអាមេរិកមួយនេះ។

កាលពីដំបូងឡើយ NBA បានចាត់ទុកកំហឹងលើសារមួយនេះ ថាជារឿងដែលគួរឲ្យសោកស្តាយខ្លាំងណាស់ ប៉ុន្តែស្នងការរបស់ពួកគេ គឺលោក Adam Silver បាននិយាយប្រាប់សន្និសីទកាសែទនៅក្នុងប្រទេសជប៉ុនកាលពីថ្ងៃអង្គារថា វាមិនមែនជាតួនាទីរបស់ NBAដែលត្រូវដាក់បទបញ្ជាលើពាក្យសំដីរបស់ក្រុមកីឡាករ ក្រុមនិយោជិក ឬក្រុមម្ចាស់ក្លិបនោះទេ៕