Range Rover របស់ម៉ូលីកា ត្រូវក្មេងប្រុសជិះម៉ូតូបុកខូចទ្វារមួយចំហៀង តែនាងមិនទារសំណង គ្រាន់តែឲ្យ....

09-10-2019 3:04pm

ភ្នំពេញៈ នេះជាគម្រូល្អមួយរបស់អតីតតារាចម្រៀង ម៉ូលីកា ខណៈដែលរបស់ដ៏​សែនស្រឡាញ់ខូចខាតហើយនោះ នាងមិនបានទាមទារសំណងអ្វីពីអ្នកបង្កនោះ​ឡើយ បំណងគឺគ្រាន់តែ​ចង់ឲ្យអ្នកបង្ក ដឹងខុស ហើយប្រុងប្រយ័ត្នរាល់ពេលបើកបរម៉ូតូ.ឡាន។ នាង ក៏​មានការ​សោកស្តាយរថយន្តរបស់នាងខ្លាំងណាស់ដែរ ព្រោះទើបនឹងទិញ ហើយប្រើពេល​មិនតិចទេ ដល់ថ្នាក់មិនបានសម្រាក ទម្រាំសន្សំលុយទិញវា។

រថយន្ដទំនើប Range Rover ស៊េរីឆ្នាំ២០១៥ ពណ៌ស តម្លៃ១៥ម៉ឺនដុល្លារ ដែលជាកម្មសិទ្ធិរបស់អតីតតារាចម្រៀងផលិតកម្ម Rock និងជាម្ចាស់ហាង “អិនខេ មូលិកា ប៊ីយូធី ត្រេឌីង ឯ .ក” នោះ ត្រូវបានក្មេងប្រុស វ័យ១៣ឆ្នាំម្នាក់ បើកម៉ូតូកង់បីសម្រាប់ដឹកលក់លៀសហាលបុកពី​ចំហៀងខាងស្ដាំ បណ្ដាលឲ្យ​រងការខូចខាតធ្ងន់ធ្ងរ កាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែរលើ ខណ្ឌមានជ័យ ក្រុងភ្នំពេញ។

គ្រោះថ្នាក់ចរាចរណ៍នេះ នាងមិនបានទាមទារប្រាក់សំណងពីក្មេងប្រុស ដែលមិនទាន់គ្រប់អាយុ បើកបរម៉ូតូនោះ១រៀលឡើយ គឺនាងគ្រាន់តែឲ្យក្មេងនោះសុំទោសជាសាធារណៈហើយទទួលស្គាល់កំហុសរបស់ខ្លួន ដែលបើកលឿនវ៉ាខាងស្ដាំធ្វើឲ្យបុករថយន្ដរបស់នាង រងការខូចខាតយ៉ាងដំណំនោះប៉ុណ្ណោះ។

តារាចម្រៀង ម៉ូលីកា បានប្រាប់នៅកន្លែងកើតហេតុថា រថយន្ដ Range Rover ពណ៌ស ពាក់ស្លាកលេខ 2BF-3777នោះ ជាឡានរបស់នាងមែន តែនៅថ្ងៃកើតហេតុនោះ គឺបងប្រុសរបស់នាងជាអ្នកបើកបរជូនបុគ្គលិកដើរលេង ហើយដោយសារតែផ្លូវនោះស្ទះអីចឹងគាត់បើកយឺតៗប៉ុណ្ណោះ តែចៃដន្យអីក្មេងប្រុសជិះម៉ូតូកង់បីនេះ បើកលឿនហើយវ៉ាស្ដាំ និងកៀរឡានរបស់នាង បណ្ដាលឲ្យខ្ទេចមួយចំហៀងខាងស្ដាំតែម្ដង។

ចំណែកនាងវិញ បានជិះរយន្ដផ្សេងមួយទៀត ហើយគ្រាន់តែចុះពីលើរថយន្ដឃើញអ្នកបើកបរតូចហើយ ជិះម៉ូតូដឹកលៀសអីចឹងនាងមិនដឹងថា ទារសំណងអីបានទេ គឺមានតែការអនុគ្រោះដល់ក្មេងប្រុសនោះ ដោយគ្មានសំណង១រៀលឡើយ។ ប៉ុន្ដែមូលហេតុដែលនាងតម្រូវឲ្យក្មេងប្រុសនោះ សុំទោសនាងដោយសារតែក្មេងប្រុសនេះបុកឡាននាងខូចខ្ទខ្ទេចម៉ាចំហៀងស្ដាំទៅហើយ បែរជាសម្ភាសន៍ឲ្យទូរទស្សន៍មួយថា បងប្រុសរបស់នាងជាអ្នកបើកឡានបុកម៉ូតូគេទៅវិញ។

ម៉ូលីកា ថា នាងអស់ចិត្តនៅពេលដែលក្មេងប្រុសម្នាក់នោះសុំទោស និងចេះទទួលស្គាល់កំហុស ប៉ុន្ដែឪពុកម្ដាយគ្រប់រូបមិនគូរណាបណ្ដោយឲ្យក្មេង ទើបមានអាយុ១៣ឆ្នាំ បើកបរបែបនេះទេ ព្រោះពេលបុកគេទៅ តើយ៉ាងម៉េច បើមិនទាន់គ្រប់អាយុផងហ្នឹង?

នាងថា នេះប៉ះ​ចំនាងដែលមានការអាណិតចំពោះក្មេងប្រុសនោះ តែបើប៉ះ​អ្នកផ្សេង គេ​ទាមទារសំណង តើគិតយ៉ាងម៉េចវិញ ព្រោះរថយន្ដនាងទិញកុម្មង់មកពីបរទេសថ្លៃគួរសម ហើយការជួសជុស ក៏ចំណាយលុយច្រើនដែរ ព្រោះត្រូវការកុម្មង់គ្រឿងពីបរទេសមកដាក់ឲ្យដូចដើមវិញ គឺខាតទាំងពេលវេលាទាំងថវិកា។

ម៉ូលីកា បានផ្ដើមពីទុនត្រឹមតែ៣០០ដុល្លារប៉ុណ្ណោះរកស៊ីលក់ជើងមាន់តាម Online ហើយនាងឈានទៅបើកហាងរក្សាសម្រស់”អិនខេ មូលិកា ប៊ីយូធី ត្រេឌីង ឯ.ក”ដែលចំណាយប្រាក់ដល់ទៅ១០ម៉ឺនដុល្លារ។ ម៉ូលីកា បានទិញរថយន្ដទំនើប Range Rover កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ តម្លៃ១៥០០០០ដុល្លារបន្ថែមពីលើរថយន្ដ Lexus Rx450h តម្លៃជាង៧ម៉ឺនដុល្លារ។ ម៉ូលីកា ជាអ្នករកស៊ីលក់ផលិតផលរក្សាសម្រស់តាម Online ដ៏ជោគជ័យម្នាក់៕