សេតវិមាន បដិសេធមិនព្រមសហការលើការស៊ើបអង្កេត ករណីចោទប្រកាន់លោក ត្រាំ

09-10-2019 2:38pm

អាមេរិកៈ សេតវិមាន បានបដិសេធជាផ្លូវការមិនព្រមចូលរួមកិច្ចសហប្រតិបត្តិការលើការស៊ើបអង្កេតករណីចោទប្រកាន់ប្រឆាំងនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ។

លិខិតមួយច្បាប់ ដែលបានផ្ញើជូនក្រុមមេដឹកនាំគណបក្សប្រជាធិបតេយ្យ បានច្រានចោលទាំងស្រុង ដោយចាត់ទុកការស៊ើបអង្កេតនេះ គ្មានមូលដ្ឋាន និងគ្មានសុពលភាពផ្អែកលើច្បាប់រដ្ឋធម្មនុញ្ញ។

គណៈកម្មាធិការរដ្ឋសភាចំនួន៣ដឹកនាំដោយក្រុមប្រជាធិបតេយ្យ កំពុងបើកការស៊ើបអង្កេតលើករណី របស់លោកដូណាល់ ត្រាំ។

ការស៊ើបអង្កេតនេះ គឺដើម្បីព្យាយាមរកឲ្យឃើញថាតើលោកត្រាំ មានបានផ្អិបជំនួយឲ្យអ៊ុយក្រែន ដើម្បីជំរុញឲ្យមានការស៊ើបអង្កេតដែរឬយ៉ាងណា លើគូប្រជែង ចូ បៃដិន ដែលជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ។

លិខិតរបស់សេតវិមាន បានកើតមានឡើង រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពេលរដ្ឋបាលលោក ត្រាំ បានរារាំងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅសហភាពអឺរ៉ុប ពីការបង្ហាញខ្លួននៅមុខក្រុមស៊ើបអង្កេតករណីចោទប្រកាន់របស់រដ្ឋសភា៕