ឃាត់ខ្លួនជនជាតិចិនប្រុសស្រី ៥នាក់ ករណីចាប់ជនជាតិចិនដូចគ្នា ជំរិតទារប្រាក់

09-10-2019 1:09pm

ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌចំការមន បានសហការជាមួយនឹងកម្លាំងនគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនជាតិចិន ប្រុសស្រីចំនួន៥នាក់ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ពាក់ព័ន្ធទៅនឹងករណីចាប់ជំរិតទារប្រាក់ កាលពីថ្ងៃទី២៤ ខែកញ្ញា ២០១៩ នៅចំណុចសណ្ឋាគារ ឡាក់គីស្ដារពីរ ទីតាំងលេខ៣៦ ផ្លូវ៣៣៦ ក្រុម៣៤ ភូមិ៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក នាពេលកន្លងទៅ។

នគរបាល បានអោយដឹងថា ជនសង្ស័យទី១. ឈ្មោះ Yan Hang Kai ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរទេសចរណ៍។ ទី២. ឈ្មោះ Zhang Yang ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ ទេសចរណ៍ ។ ទី៣. ឈ្មោះ Li Xinmao ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ទេសចរណ៍។ ទី៤. ឈ្មោះ Wang Yan Jim ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ ទេសចរណ៍។ ទី៥. ឈ្មោះ Wang Yang ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរ ទេសចរណ៍។ សមត្ថកិច្ចបានប្រាប់អោយដឹងទៀតថា ជនសង្ស័យទាំង៥នាក់គ្មានលិខិតឆ្លងដែននោះទេ ហើយពួកគេបានស្នាក់នៅផ្ទះសំណាក់ ផ្ទះមាស ផ្លូវលេខ៣៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ រីឯជនរងគ្រោះ Washin Long ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅ សណ្ឋាគារឡាក់គីស្ដារ២ (ទីតាំងកើតហេតុ)។

សមត្ថកិច្ច បានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានបាត់លិខិតឆ្លងដែន ហើយក៏បានមកស្នាក់នៅសណ្ឋាគារឡាក់គីស្ដារ២ ក៏បានទំនាក់ទំនង ជាមួយក្រុមជនសង្ស័យ ដើម្បីអោយជួយធ្វើលិខិតស្នាមនៅឯស្ថានទូតចិន។ ពេលនោះក្រុមជនសង្ស័យ ក៏បានមកជួបនៅសណ្ឋាគារ រួចក៏ធ្វើសកម្មភាពចាប់ជំរិត ជនរងគ្រោះដោយវាយធ្វើបាបរួច បង្ខំអោយជនរងគ្រោះថតរូបផ្ញើអោយក្រុមគ្រួសារជនរងគ្រោះនៅឯប្រទេសចិន ដើម្បីអោយវេរលុយតាមប្រព័ន្ធ វីឆាត ជាថ្នូរនឹងការដោះលែង។

សូមបញ្ជាក់ផងដែរថា ដោយក្រុមគ្រួសារជនរងគ្រោះបានផ្ញើជាទឹកប្រាក់សរុបប្រហែលជិត ៣ ពាន់ដុល្លារ រហូតមកដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ ជនរងគ្រោះបានលួចរត់បានសម្រេច។ លុះដល់ព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ជនរងគ្រោះបានទៅស្ថានទូតចិន ស្រាប់តែជួបក្រុមសង្ស័យនៅទីនោះ ក៏បានរាយការណ៍ប្រាប់នគរបាលការពារនៅស្ថានទូតអោយជួយអន្តរាគមន៍ ឃាត់ខ្លួនក្រុមជនសង្ស័យភ្លាមៗ រួចបញ្ជូនទៅអធិការខណ្ឌចំការមនដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្ន បន្ទាប់ពីធ្វើការសាកសួរនៅខណ្ឌចំការមនរួច សមត្ថកិច្ចបានបញ្ជូនក្រុមជនសង្ស័យជាជនជាត់ចិន ទៅកាន់អធិការនគរបាលខណ្ឌទួលគោកដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕