ផលិតករកម្ពុជា សាងស្នាដៃភាពយន្ត មិនចាញ់បរទេស

09-10-2019 12:23pm

ភ្នំពេញៈ តាមរយៈស្ពត និងភាពយន្តខ្លីៗ និយាយជាភាសាអង់គ្លេស និងសម្ដែងដោយជនបរទេស ដូចជាក្នុងរឿង "Boy" រឿង"Evoking ឬដាស់វិញ្ញាណ" និងរឿងជាច្រើន ដែលជាស្នាដៃរបស់ផលិករឈ្មោះ Tim Pek (ធីម ប៉ិក) ម្ចាស់ពានរង្វាន់ពីការផលិតភាពយន្តរឿង"វិញ្ញាណក្រហម ឬ The Red Sense" នៅប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០០៦ គេស្មានតែផលិតកររូបនេះគឺជាជនបរទេស។

យ៉ាងណាមិញម្នាក់ៗបានសម្ដែងការចាប់អារម្មណ៍នៅពេលដឹងថា លោក គឺជាជនជាតិខ្មែរ  ហើយលោកមានស្នាដៃរាប់មិនអស់ ក្នុងការផលិតភាពយន្តខ្លីៗ ស្ពត និងជំនាញកាត់តជាដើម ដែលអាចនិយាយបានថា ស្នាដៃដែលលោករំលេចឡើង គឺមិនចាញ់ផលិតករបរទេស។

ក្នុងកិច្ចសម្ភាសន៍តាមសារអេឡិចត្រូនិចពីប្រទេសអូស្ត្រាលី លោក ធីម ប៉ិក ផលិតករជនជាតិខ្មែរ រស់នៅក្នុងប្រទេសអូស្ត្រាលី បានថ្លែងបញ្ជាក់ថា ដោយសារតែលោកបានទទួលការបណ្ដុះបណ្ដាលក្នុងជំនាញផលិតភាពយន្តទាំងការផលិតស្ពត វីដេអូឯកសារ ជាអ្នកកាត់ត និង ចាក់ពណ៌វីដេអូ នៅក្នុងប្រទេសអូស្ត្រាលី ទើបលោករមែងផលិតភាពយន្តខ្លីៗ ជាពិសេសរឿងខ្លីរន្ធត់ៗ និងព្រឺព្រួច ហើយដាក់បង្ហោះនៅលើយូធូប។

មកទល់ពេលនេះលោកផលិតបានច្រើនរឿងហើយ ដោយភាពយន្តខ្លីនីមួយៗ លោកក៏នឹងមានគំនិតបន្លាយជាភាពយន្តខ្នាតធំ ប្រសិនបើមានដៃគូសហការបោះទុន ចង់អោយលោកផលិត។ កាលពីខែ៩ កន្លងទៅ ក្នុងពេលលោកមកលេងនៅកម្ពុជា លោកក៏បានផលិតស្ពតខ្លីក្រោមចំណងជើងថា "Cambodia's Wonderland" ដែលឆ្លុះបញ្ចាំងពីអច្ឆរិយៈនៃកម្ពុជា។ ពេលកន្លងមក លោកក៏ចុះមកផលិតស្ពត និងរឿងខ្លីៗជាច្រើនលើទឹកដីខ្មែររាប់មិនអស់ផងដែរ។

លោកថា ខ្លួនទទួលបានការទទួលស្គាល់លើជំនាញផលិតប្លង់រឿង សំឡេង និងបច្ចេកទេសថត ជាយូរមកហើយ ទើបនៅក្នុងប្រទេសអូស្ត្រាលី លោកទទួលជោគជ័យក្នុងការបើកក្រុមហ៊ុនផលិតស្ពត  ផលិតវីដេអូឯកសារ ជំនាញកាត់ត ចាក់ពណ៌កុន និង Sound ជាដើម នៅក្នុងប្រទេសអូស្ត្រាលី ដោយក្នុងពេលដ៏ខ្លី លោកក៏នឹងគ្រោងចុះមកផលិតភាពយន្តដោយជ្រើសយកជនជាតិខ្មែរនៅលើទឹកដីកម្ពុជា អោយសម្ដែងផងដែរ។

លោកថា ភាពយន្តខ្លីៗដែលលោកផលិតឡើងកន្លងមក  បើទោះជានិយាយភាសាបរទេស  និងមើលរសជាតិដូចជាភាពយន្តបរទេស ប៉ុន្តែមិនមានស្នាដៃណាមួយ ដែលគ្មានការចូលរួមសម្ដែងពីជនជាតិខ្មែរនោះទេ។

ជាក់ស្ដែងក្នុងរឿង"Boy" ដែលមានការចាប់អារម្មណ៍ក្រោយការបង្ហោះនោះ តួអង្គក្មេងប្រុស គឺជាជនជាតិកម្ពុជានោះទេ ខណៈដែលតួអង្គស្រីជាជនជាតិហ្វីលីពីន និងមានជនជាតិអូស្ត្រាលីចូលរួមសម្ដែងដែរ។ លោកប្រកាសថា ចង់អោយអន្តរជាតិដឹងថា ជនជាតិកម្ពុជា ក៏មានលទ្ធភាពផលិតភាពយន្តកម្រិតបរទេសមិនចាញ់គ្នា ទើបលោកតែងផលិតរឿងខ្លីថ្មីៗ ដាក់បង្ហោះជារឿយៗ៕