រយៈពេល១ថ្ងៃ ប៉ូលិសខេត្តតាកែវ វាយខ្នោះជនជួញដូរគ្រឿងញៀន២នាក់ ២ករណីផ្សេងគ្នា

09-10-2019 12:16pm

តាកែវៈ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ និងស្រុកបាទី ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ក្នុងករណី២ផ្សេងគ្នា ។

សមត្ថកិច្ចបានអោយដឹងថា ករណីទី១ បង្ក្រាបនៅចំណុចភូមិប្រស៊ូង  ឃុំតាភេម  ស្រុកត្រាំកក់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ទុំ បុល ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិពោធិ៍ព្រះសង្ឃ ឃុំតាភេម ស្រុកត្រាំកក់ (ជាមុខសញ្ញាជួញដូរសកម្ម) ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌សថ្លា១៨កញ្ចប់តូច និងម៉ូតូ១គ្រឿង។

ករណីទី២ បង្ក្រាបនៅចំណុចភូមិខ្សាច់លប់ ឃុំត្រពាំងសាប ស្រុកបាទី បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆិល ចាន់នី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ព្រមទាំងដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លា០១កញ្ចប់ធំ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងទាំង២ករណីខាងលើកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕