អតីតតន្ត្រីករ និងអ្នកចម្រៀងអកកេះ ក្លាយជាអ្នកមានស្ដុក

09-10-2019 8:51am

ភ្នំពេញៈ មនុស្សពិតជាមើលមិនឃើញនោះទេ ទើបអតីតតន្ត្រីករ និងជាអ្នកចម្រៀងតាមវង់អកកេះយ៉ាងកម្សត់២នាក់ប្ដីប្រពន្ធ កាលពីជិត១០ឆ្នាំមុន ស្រាប់តែក្លាយជាសេដ្ឋី ជាម្ចាស់ក្រុមហ៊ុនរាប់សែនដុល្លារ ដោយ​នឹកស្មានមិនដល់។

លោក គឹម ចាន់រតនា និងភរិយា ដែលធ្លាប់អះអាងថា គ្រាន់តែជាអ្នកសិល្បៈរកព្រឹកខ្វះល្ងាចក្នុងវង់តន្ត្រីមួយ កាលពីប៉ុន្មានឆ្នាំមុន បានរៀបរាប់ពីជីវិត ដែលបានហែលឆ្លងមុននឹងក្លាយជាអ្នកជំនួញជោគជ័យនៅក្នុងពេលនេះ។

លោក គឹម ចាន់រតនា បញ្ជាក់ថា រង្វង់ជា១០ឆ្នាំមុន លោកគ្រាន់តែជាអ្នកលេងឧបករណ៍សូឡូ និងព្យាណូ ហើយភរិយារបស់លោក គឺអ្នកស្រី ជិន វណ្ណារី ជាអ្នកចម្រៀងក្នុងវង់អកកេះមួយប្រចាំខេត្តកំពង់ចាមប៉ុណ្ណោះ ដោយក្នុងពេលនោះ ដ្បិតថា លោកជាអ្នកកំពង់ចាមមែន ដែលក្នុងពេលនោះ គឺជាអ្នកចម្រៀង តែសូម្បីតែផ្ទះនៅស្រុកកំណើត ក៏គ្មានរស់នៅសមរម្យនឹងគេនោះដែរ។ លោកត្រូវប្រើជីវិតជាអ្នកដើរលេងភ្លេងតាំងពីឆ្នាំ២០០៨ ខណៈភរិយាត្រូវដើរច្រៀងកាត់ទឹកកាត់ព្រៃដេកផ្លូវជាមួយលោកប្រកបដោយការតស៊ូ​ ដើម្បីរកលុយមកបង់ឈ្នួលផ្ទះនៅខេត្តកំពង់ចាម។ នៅក្នុងពេលនោះជីវិតប្ដីប្រពន្ធរបស់លោក មិនខុសពីសិល្បករមិនល្បីភាគច្រើន ដែលល្អតែមើលនោះទេ ដោយត្រូវឌុបប្ដីឌុបប្រពន្ធចេញតាមវង់ភ្លេង ហើយបើនិយាយពីការឆ្លងកាត់ពាក្យសម្ដីប្រមាថមាក់ងាយ គឺអាចនិយាយបានថា រាប់មិនអស់។ សមនឹងប្ដីប្រពន្ធលោកមិនហ៊ានចំណាយលើសម្ភារៈនិយម និងម្នាក់ៗមើលថា មិនស៊ី​វិល័យសមនឹងអ្នកសិល្បៈដែលឡូយឆាយផ្សេងផង គឺរឹតតែមានការមើលស្រាល។

យ៉ាងណាមិញ លោកថា នៅក្នុងពេលនោះ ពីរនាក់ប្ដីប្រពន្ធលោក មិនមែនរិះថាំនិងជំពាក់គេខ្លះ អត់មានមូលហេតុនោះទេ ដោយលោក និងភរិយា សន្សំសំចៃលុយកាក់ ដែលរកបានពីវង់តន្ត្រីដ៏លំបាកទៅទិញបានដីស្រែតាមការណែនាំរបស់មិត្តភក្តិ និងអ្នកស្គាល់គ្នាបានជាហូរហែរ នៅម្ដុំជម្ពូរវ័ន្ត និងនៅម្ដុំវត្តព្រះធាតុផ្លូវគួរស្រូវ ច្រកទៅតាកែវសព្វថ្ងៃ ក្នុងពេលតំបន់ទាំងនោះ មិនទាន់អភិវឌ្ឍន៍ហើយតម្លៃដីនៅថោក។ លោកថា តម្លៃដីផ្លាស់ប្ដូរ នៅក្នុងតំបន់នោះ បានជួយអោយលោកលក់បានតម្លៃខ្ពស់ ហើយជួយអោយលោក និងភរិយា ទិញបានដីស្រែធំៗនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ម្ដុំស្រុកគងពិសី ក្នុងខេត្តកំពង់ស្ពឺ និងនៅតំបន់មួយចំនួនទៀត ដែលធ្វើអោយលោកមានលទ្ធភាពក្លាយជាថៅកែពុះដីឡូតិ៍នឹកស្មានមិនដល់ក្នុងរង្វង់បីបួនឆ្នាំចុងក្រោយ។

អតីតតន្ត្រីករ និងអ្នកចម្រៀងកម្សត់លោក គឹម ចាន់រនតា និងភរិយា មិនត្រឹមតែជាម្ចាស់ក្រុមហ៊ុន LYK គឹមចាន់រតនា ហ្សាណា ដែលជាក្រុមហ៊ុនពុះលក់ដីឡូតិ៍ធំមួយនៅស្រុកគងពិសី ក្នុងខេត្តកំពង់ស្ពឺ ប៉ុណ្ណោះទេ អ្នកទាំងពីរ ក៏ក្លាយជាអ្នកមានទ្រព្យស្ដុកស្តម្ភ និងមានគម្រោងដីឡូតិ៍បណ្ដាក់គ្នា ដោយក្រុមហ៊ុនរបស់លោក ក៏ត្រូវគេដឹងថា មានការចាប់ដៃជាមួយអតីតពិធីករល្បីឈ្មោះនៅទូរទស្សន៍ My TV   គឺលោក វីជេ រតនា និងមានការចូលរួមពីសិល្បករមួយចំនួនផងដែរ។

មកទល់ពេលនេះ បើទោះលោកបានក្លាយជាថៅកែប្រើសុទ្ធតែរថយន្តឡិចស៊ីស៥៧០ ស៊េរី២០១៩ តម្លៃជាង២៤ម៉ឺ​នដុល្លារ ប៉ុន្តែលោក និងភរិយា នៅតែមើលទៅសាមញ្ញ ខណៈដែលលោកប្រាប់ថា អតីតកាលធ្លាប់ជាតន្ត្រីករនៅតែធ្វើអោយលោកដក់អារម្មណ៍ក្នុងចិត្ត ដែលនឹងធ្វើអោយលោកត្រៀមរៀបចំក្រុមការងារផលិតបទចម្រៀងក្នុងពេលឆាប់ៗ អោយតារាក្មេងៗជំនាន់ក្រោយ បានបញ្ចេ​ញសមត្ថភាពច្រៀង។ លោក និងក្រុមមិត្តភក្តិ នៅតែជួបជុំប្រគំតន្ត្រីលេងកម្សាន្តជារឿយៗ បើទោះជាការប្រគំក្នុងប៉ុន្មានឆ្នាំនេះ មិនមែនដើម្បីរកកម្រៃដូចមុន៕