ប្រធានាធិបតីអ៊ីរ៉ាក់ ថ្កោលទោសអំពើហិង្សាក្នុងបាតុកម្ម នៅទីក្រុងបាដាដ

09-10-2019 8:41am

អ៊ីរ៉ាក់ៈ កាលពីថ្ងៃចន្ទម្សិលមិញនេះ ប្រធានាធិបតីអ៊ីរ៉ាក់ លោក បាហាម សាលី បាននិយាយថា គ្មានរដ្ឋាភិបាល ឬប្រធានសន្តិសុខ បានបញ្ជាឲ្យកងកម្លាំងសន្តិសុខ បាញ់គ្រាប់កាំភ្លើងពិតមកលើក្រុមបាតករ និងក្រុមអ្នកសារព័ត៌មាននោះទេ។

លោកបាហាម សាលី បានថ្លែងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍បែបនេះ បន្ទាប់ពីអំពើហិង្សារយៈពេល១សប្តាហ៍ នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលបណ្តាលឲ្យមនុស្សជាង១០០នាក់ បាត់បង់ជីវិត និងមនុស្សរាប់ពាន់នាក់ផ្សេងទៀត រងរបួស។

លោកសាលី បានបញ្ជាក់ថា អ្នកណាម្នាក់ដែលប្រើប្រាស់គ្រាប់កាំភ្លើងពិត គឺជាឧក្រិដ្ឋជន និងខុសច្បាប់។

 ចាប់តាំងពីថ្ងៃទី១ ខែតុលារហូតមក បាតុកម្មគ្មានការគ្រោងទុក បានផ្ទុះឡើងនៅក្នុងទីក្រុងបាដាដ ហើយនៅតាមទីក្រុងជាច្រើនកន្លែងទៀតនៅភាគខាងត្បូង ដោយប្រជាពលរដ្ឋអ៊ីរ៉ាក់ បានទាមទារឲ្យមានការងារធ្វើ សេវាកម្មសាធារណៈល្អប្រសើរជាងមុន ដូចជាការផ្គត់ផ្គង់ចរន្តអគ្គិសនី និងទឹកស្អាត ហើយនិងបញ្ចប់អំពើពុករលួយដ៏រ៉ាំរ៉ៃ។

កងកម្លាំងសន្តិសុខ បានឆ្លើយតបវិញជាមួយនឹងការបាញ់គ្រាប់រំសេវពិត និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករ។

 កាលពីថ្ងៃចន្ទ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ បានបញ្ជាឲ្យក្រុមនគរបាលឈរជើងជំនួសកងទ័ពនៅក្នុងទីក្រុងបាដាដ ជាកន្លែងដែលមនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់ ឬរងរបួស អំឡុងការប៉ះទង្គិចកាលពីចុងសប្តាហ៍កន្លងទៅ៕