មនុស្ស៧៧នាក់ ត្រូវបានចាប់ខ្លួន សម្រាប់ការបំពានលើច្បាប់ពាក់ម៉ាស់មុខ នៅទីក្រុងហុងកុង

09-10-2019 8:34am

ទីក្រុងហុងកុងៈ ក្រុមនគរបាលហុងកុង បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃអង្គារនេះថា  មនុស្ស៧៧នាក់ ត្រូវបានចាប់ខ្លួន សម្រាប់ការបំពានលើច្បាប់ប្រឆាំងនឹងការពាក់ម៉ាស់មុខ ដែលបានអនុម័តកាលពីចុងសប្តាហ៍កន្លងទៅ។

ច្បាប់ដែលត្រូវបានដាក់ឲ្យប្រើប្រាស់សម្រាប់គ្រាអាសន្ននោះ ត្រូវបានយកមកប្រើប្រាស់ដោយមេដឹកនាំហុងកុង លោកស្រី ខារី ឡាម ដើម្បីបំបែកបាតុកម្មហិង្សាតាមដងផ្លូវនៅក្នុងទីក្រុងមួយនេះ។

ក្រុមនគរបាល បាននិយាយថា ក្រុមបាតុករបានដុតកម្ទេចអគារចោល និងបានចោលគ្រាប់បែកសាំងមកលើក្រុមមន្រ្តីនគរបាល ខណៈពេលដែលបាតុករផ្សេងទៀត បានវាយប្រហារមកលើបុគ្គលិកសាធារណៈដែលមានទស្សនៈប្រឆាំងនឹងពួកគេ។

លោកក្វុក យ៉ាមយុន គឺជាមេបញ្ជាការក្នុងតំបន់ប្រចាំស្រុក New North បាននិយាយថា ទង្វើដ៏ធ្វេសប្រហែស និងព្រៃផ្សៃបែបនេះ នឹងធ្វើឲ្យការគោរពច្បាប់ដួលរលំទាំងស្រុង។

ក្រុមនគរបាល បានអះអាងថា ការដុតភ្លើងស្តុបជាង៨០កន្លែង បានកើតមានឡើង ហើយស្ថានីយ៍រថភ្លើងក្រោមដី MTRរងការវាយកម្ទេចផងដែរ កាលពីចុងសប្តាហ៍កន្លងទៅ ជាហេតុនាំឲ្យបិទដំណើរការបណ្តាញរថភ្លើងទាំងស្រុង។

មាននូវការបំផ្លិចបំផ្លាញ២១៣ករណី អំឡុងរយៈពេល៤ថ្ងៃចុងក្រោយនេះ ខណៈពេលដែលក្រុមបាតុករ បានបិទផ្លូវសំខាន់ៗជាច្រើនកន្លែង៕