Lyon បណ្តេញលោក Sylvinho ចេញពីតំណែងគ្រូបង្វឹក

08-10-2019 3:14pm

បាល់ទាត់ៈ កាលពីថ្ងៃចន្ទម្សិលមិញនេះ ក្លិប Lyon បានសម្រេចចិត្តរួចហើយថា ពួកគេ នឹងបណ្តេញគ្រូបង្វឹកសញ្ជាតិប្រេស៊ីល Sylvinho ចេញពីតំណែង ក្រោយរូបលោកគ្រប់គ្រងបាន១១ប្រកួតប៉ុណ្ណោះ ក្នុងរដូវកាលនេះ បន្ទាប់ពីការធ្លាក់ចុះទម្រង់លេងរបស់ក្រុមរួចមកនោះ។

លោក Sylvinho ដែលជាអតីតខ្សែការពាររបស់ក្លិប Arsenalនិងក្លិប Barcelonaនោះ  បានទទួលការងារចាត់ការនៅទឹកដី Groupama កាលពីខែឧសភាកន្លងទៅ ដើម្បីបន្តវេនពីលោក Bruno Genesio ។

ក្លិប Lyonបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្លិប Lyonបានសម្រេចចិត្តអនុវត្តន៍និតិវិធីដែលអាចនាំឲ្យលប់ចោលកុងត្រារបស់លោក Sylvio Mendes Campo Junior (Sylvinho)។

ថ្វីត្បិតតែបាត់បង់កីឡាករសំខាន់ៗជាច្រើន ដែលរួមទាំងកីឡាករ Ferland Mendy, Tanguy Ndombele និងកីឡាករ Nabil Fekir អំឡុងរដូវកាលបិទការប្រកួតក៏ដោយ លោក Sylvinho បានចាប់ផ្តើមរដូវកាលដ៏អស្ចារ្យមួយ ពេលដែលក្រុម Lyonឈ្នះក្រុម Monaco ៣-០ ហើយនិងបានបំបាក់ក្រុម Angers ៦-០នៅ២ប្រកួតដំបូងរបស់ពួកគេ។

សូមបញ្ជាក់ថា វាគឺជាតំណែងលើកដំបូងលោក Sylvinho អាយុ៤៥ឆ្នាំ ជាគ្រូបង្វឹក ក្រោយពីបានក្លាយជាគ្រូបង្វឹកជំនួយការរបស់លោក Tite នៅក្រុមជម្រើសជាតិប្រេស៊ីល៕