សម្ដេចតេជោ  ប្រាប់មូលហេតុពីការបញ្ឈប់ល្បែង អនឡាញទៅភាគីចិន

08-10-2019 2:29pm

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រាប់អំពីមូលហេតុ ដែលរាជរដ្ឋាភិបាល លុបចោលនូវល្បែងកាស៊ីណូ ភ្នាល់តាមអនឡាញ (online casino) ទៅភាគីចិន ក្រោយជនជាតិជាច្រើនរយនាក់ ដែលបានបើកល្បែងកាស៊ីណូភ្នាល់ តាមអនឡាញ នៅកម្ពុជា ត្រូវបានសមត្ថកិច្ចបណ្តេញចេញជាបន្តបន្ទាប់។

កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ រាជរដ្ឋាភិបាល បានចេញសារាចរណែនាំមួយ ស្ដីពីការបញ្ឈប់ផ្តល់ គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាត ឲ្យប្រកបអាជីវកម្មល្បែងភ្នាល់ តាមម៉ាស៊ីនអេឡិចត្រូនិក អនឡាញនៅកម្ពុជា ។ ក្រោយមកឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា លោក Wang Wentian បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូសមាគមត្រកូល ហ៊ុន នៃប្រទេសចិន នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ សម្ដេចតេជោបានថ្លែងថា កម្ពុជាជាប្រទេសមួយ ប្រកាន់យកសេដ្ឋកិច្ចទីផ្សារសេរី ប៉ុន្តែការអភិវឌ្ឍ មិនពឹងផ្អែកលើកាស៊ីណូឡើយ គឺពឹងផ្អែកទៅលើកត្តា ជាច្រើនក្នុងមូលដ្ឋានសេដ្ឋកិច្ច។

សម្តេចតេជោបន្តថា កម្ពុជាបានពន្ធតិចតួចតាមរយៈកាស៊ីណូអនឡាញ ហើយក៏នាំមកនូវការប្រឈម ដូចជា ឧក្រិដ្ឋកម្ម កាលាងលុយកខ្វក់ ដែលអាចធ្វើប៉ះពាល់ដល់សង្គមជាតិ។

សម្ដេចតេជោមានប្រសាសន៍ថា កម្ពុជាជាប្រទេសមួយ ដែលប្រកាន់យកសេដ្ឋកិច្ចទីផ្សារសេរី ក៏ប៉ុន្តែការអភិវឌ្ឍប្រទេសកម្ពុជា មិនពឹងផ្អែកលើកាស៊ីណូអនឡាញទេ។ ប៉ុន្តែពឹងផ្អែកទៅលើកត្តាជាច្រើន នៅក្នុងមូលដ្ឋានសេដ្ឋកិច្ច ដូច្នេះ គឺយើងធ្វើយ៉ាងណាត្រូវតែពង្រឹង ការអនុវត្តច្បាប់នៅប្រទេសកម្ពុជា និងធ្វើយ៉ាងម៉េច ដើម្បីទាក់ទាញការ វិនិយោគច្បាស់លាស់ តែមកវិនិយោគ ទៅលើវិស័យផ្សេងៗទៀត មិនមែនតែពឹងផ្អែកទៅលើកាស៊ីណូអនឡាញនោះទេ

ជាងនេះទៅទៀត នាយករដ្ឋមន្ដ្រីលើកឡើងថា បច្ចុប្បន្នកម្ពុជាមានសក្ដានពុលជាច្រើន ក្នុងការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដោយសារកន្លងមក កម្ពុជាមានរួចហើយនៅតំបន់សេដ្ឋកិច្ចសេរីរវាងអាស៊ាន និងចិនអាស៊ាន ដែលអាចនាំចេញផលិតផល នាំចេញទៅកាន់ទីផ្សារចិន។

នាយករដ្ឋមន្ដ្រី ក៏ជំរុញឲ្យសហគ្រិនចិនមកវិនិយោគនៅកម្ពុជា ហើយកុំភ័យព្រួយចំពោះចំណុចណាមួយនៅកម្ពុជា ។

បន្ថែមពីនេះ សម្ដេចតេជោក៏ស្នើក្រុមហ៊ុនចិនកំពុងដាក់ទុននៅកម្ពុជាបន្តវិនិយោគ ទោះបីជាមានបញ្ហាអ្វីក៏ដោយ ជាពិសេសការដក EBA ពីកម្ពុជា។ សម្ដេចក៏ស្នើទៅថ្នាក់ដឹកនាំចិន បន្តបើកទីផ្សារឲ្យកាន់តែធំជាងមុនសម្រាប់ការនាំចូលផលិតផលកសិផលរបស់កម្ពុជា ។

សូមរំលឹកថា បច្ចុប្បន្នទំហំពាណិជ្ជកម្ម រវាងកម្ពុជា-ចិន កើនឡើងជាបន្តបន្ទាប់ ដែលចំនួននេះគោលដៅ ក្នុងការធ្វើពាណិជ្ជកម្មដល់ឆ្នាំ២០២២ អាចកើនឡើង រហូតដល់ទៅ១០ពាន់លានដុល្លារ ៕