តារាសម្តែង សា ណាផាត់ សិល្បៈមិនសូវដើរ ព្រោះចំណងការងារខាងក្រៅ

07-10-2019 11:43am

ភ្នំពេញៈ តារាសម្តែងមុខូចកូនកាត់ចិន សាណាផាត់ បានពេញចិត្តប្រឡូកសិល្បៈតាមចំណូលចិត្តតាំងពីនៅក្មេង ប៉ុន្តែការងារទើបធ្វើឲ្យ​លោកមិនបានបង្ហាញស្នាដៃច្រើនដូចបណ្តាតារាផ្សេងៗ ព្រោះតែលោកមានហេតុផលជាប់ភារៈកិច្ចការងារខាងក្រៅ ដែលមិនសូវចង់ខកខាន ឬ​សុំច្បាប់ច្រើនដង តែលោកនៅតែ​ពេញចិត្តសិល្បៈដដែល។

លោក សាណាផាត់ បញ្ជាក់ថា លោកទើបធ្វើខួបកំណើតអញ្ជើញភ្ញៀវធំដុំ ជាលើកទី១ប៉ុណ្ណោះ តាំងពីចូលសិល្បៈ។ លោកហ៊ានចំណាយធនធាន ធ្វើខួបជាលើកដំបូងនេះ គឺបន្ទាប់ពីប្រឡូកសិល្បៈជាង៣ឆ្នាំ លោកទទួលបានឱកាសថតបានរឿងខ្លី និង MV ជាច្រើន ខណ:ដែលភាពយន្តខ្នាតធំ និង ភាពយន្តភាគទូរទស្សន៍ ក៏មានគេហៅថតច្រើន។

យ៉ាងណាមិញលោកថា ខ្លួនមិនដែលបានទទួលថតភាពយន្តភាគ ឬភាពយន្តខ្នាតធំនោះ ដោយសារតែលោក មានការងារពេញម៉ោងមួយ ដែលពិបាកសុំច្បាប់ច្រើនថ្ងៃ។ លោកទទួលថតតែការសម្ដែងណា ដែលប្រើពេលមួយថ្ងៃ ឬតិចថ្ងៃប៉ុណ្ណោះ ខណៈដែលការងារត្រូវថតខេត្តឆ្ងាយ ក៏លោកមិនសូវបានទទួល។ លោកថា នេះជាហេតុផលប្រឡូកសិល្បៈមិនសូវល្បី ប៉ុន្តែក៏មានស្នាដៃសម្ដែងច្រើននាពេលចុងក្រោយផងដែរ ទើបមានទំនាក់ទំនងច្រើនជាមួយតារាសិល្បៈ ជាពិសេសតារាៗរៀមច្បង។

លោក សា ណាផាត់ បន្តថា បើលោកកុំចូលសិល្បៈលេងៗ លិបលៗ បាត់មុខចុះ ឡើងៗ ប្រហែលសន្ទុះទីផ្សារនឹងមានច្រើនណាស់ ស្របគ្នាដែលលោក ក៏ស្គាល់ផលិតករ ហើយត្រូវបានផលិតករទាក់ទងឲ្យថតរឿងជាហូរហែរ តែទទួលមិនបាន ដោយសារជាប់ការងារ។ យ៉ាងណាមិញលោកអះអាងថា នឹងប្ដូរការងារ ដែលមានពេលវេលាជាងនេះ ឬអាចឈប់ការងារដែលប៉ះពាល់តែម្ដង ដើម្បីអាចប្រឡូកសិល្បៈឲ្យបានស៊ប់៕