លោក Michel Platini មានសេរីភាពវិលត្រឡប់មកកាន់បាល់ទាត់វិញ ក្រោយបញ្ចប់បំរាម៤ឆ្នាំ

05-10-2019 2:42pm

បាល់ទាត់ៈ នៅទីបំផុត លោក Michel Platiniដែលជាអតីតប្រធានសមាគមបាល់ទាត់អឺរ៉ុប UEFA នោះ មានសេរីភាពវិញហើយ ក្នុងការវិលត្រឡប់មកកាន់បាល់ទាត់ នៅសប្តាហ៍ក្រោយនេះ ពេលដែលបំរាមរយៈពេល៤ឆ្នាំរបស់គាត់ដល់ទីបញ្ចប់ ថ្វីត្បិតតែគាត់នៅតែជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតលើករណីពុករលួយនៅក្នុងប្រទេសកំណើតរបស់លោក ពាក់ព័ន្ធនឹងការប្រគល់ព្រឹត្តការណ៍ World Cup 2022ដល់ប្រទេសកាតាក៏ដោយ។

លោក Michel Platiniធ្លាប់បានក្លាយជាមនុស្សម្នាក់ក្នុងចំណោមរដ្ឋបាលដ៏លេចធ្លោបំផុតមួយនៅក្នុងការប្រកួតបាល់ទាត់ ពេលដែលលោកត្រូវបានគេបោះឆ្នោតឲ្យធ្វើជាប្រធានគណៈគ្រប់គ្រងបាល់ទាត់អឺរ៉ុប កាលពីឆ្នាំ២០០៧។

លោក Platini ដែលធ្លាប់ជាម្ចាស់ពានរង្វាន់បាល់មាស Ballon d'Or ៣សម័យ នោះ ត្រូវបានគេបោះឆ្នោតឲ្យបន្តវេនពីលោក Sepp Blatter ជាប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA កាលពីឆ្នាំ២០១៦ ប៉ុន្តែលោកបែរជាជួបរឿងអាម៉ាស់ទៅវិញរយៈពេលប៉ុន្មានខែមុន មុនពេលឡើងកាន់តំណែង។

សូមបញ្ជាក់ថា អតីតប្រធានក្រុម និងគ្រូបង្វឹកក្រុមជម្រើសជាតិបារាំងម្នាក់នេះ ត្រូវបានបំរាមពីបាល់ទាត់សម្រាប់ការទទួលយកសំណូក២លានដុល្លារពីប្រធានការប្រកួតបាល់ទាត់ពិភពលោក ក្នុងនោះលោក Blatter ទទួលបានបំរាមរយៈពេល៨ឆ្នាំ តែក្រោយមកកាត់បន្ថយមកនៅត្រឹម៦ឆ្នាំវិញ សម្រាប់ការរួមចំណែករបស់លោកក្នុងរឿងអាស្រូវបាល់ទាត់មួយនេះ៕