ស្រេង ឈាងឡេង ឡើងតួឯក ថតបង្ហាញភាពយន្ត ឆ្លុះបញ្ចាំងពីអតីតកាល

05-10-2019 12:59pm

ភ្នំពេញៈ មិនត្រឹមតែជោគជ័យក្នុងវិស័យមុខជំនួញដីធ្លីប៉ុណ្ណោះទេ តារាសម្ដែងវ័យក្មេង លោក ស្រេង ឈាងឡេង ក៏ត្រូវគេកត់សម្គាល់ថា មានផ្លែផ្កាល្អប្រសើរក្នុងវិស័យសិល្បៈផងដែរ។ លោកត្រូវបានគេឲ្យលេចមុខក្នុងតំណែងជាតួឯក ក្នុងរឿងខ្លីក្រោមចំណងជើងថា "មើលងាយ" ដែលនឹងត្រៀមបង្ហោះក្នុងពេលដ៏ខ្លីនោះផង បន្ទាប់ពីលោក ទើបតែលេចមុខមាត់ក្នុងកម្មវិធី Killer Karaoke របស់ហង្សមាស។

តាមការអះអាង ភាពយន្តខ្លីរឿង "មើលងាយ" ដែលលោកសម្ដែងជាតួឯកនេះ មានសាច់រឿងឆ្លុះបញ្ចាំងពីអតីតកាល ដែលតារារូបនេះធ្លាប់ឆ្លងកាត់។  ក្នុងភាពយន្តនេះ លោកសម្ដែងជាតួឯកតែម្ដង ខណៈដែលការសម្ដែងជាតួឯកលើកដំបូងរបស់លោកក្រៅពីត្រូវសាច់រឿង ក៏ត្រូវគេមើលឃើញពីទេពកោសល្យមិនចាញ់អ្នកមានបទពិសោធន៍ច្រើន​ឆ្នាំ។ នេះជាស្នាដៃថ្មី ដែលអ្នកជំនួញដីធ្លីវ័យក្មេង និងជានិស្សិតពេទ្យរូបនេះ រំលេចឡើង នៅក្នុងវិស័យសម្ដែង។

លោក ស្រេង ឈាងឡេង បញ្ជាក់ថា ប្រភពដែលនាំអោយមានភាពយន្តរឿង "មើលងាយ" ហើយលោកបានសម្ដែងតួឯក គឺដោយសារក្រុមផលិតករមកសិក្សាពី​ជីវិតជោគជ័យរបស់លោក ហើយដោយចាប់អារម្មណ៍ពីការតស៊ូ​ ផលិតករក៏ស្នើសុំចងក្រងជាសាច់រឿង ដោយជ្រើសអោយលោកសម្ដែងជាតួឯកដោយផ្ទាល់។

ក្នុងសាច់រឿងនេះ លោកថា ខ្លួនសម្ដែងចូលតួ ដោយសារតែនោះ ជាអតីតកាលរបស់ខ្លួន ជាពិសេសនៅពេលរំលឹកដល់ការមាក់ងាយរបស់មនុស្សមួយចំនួន។ ភាពយន្តនេះ ជារឿងពិតរបស់ខ្លួន ប៉ុន្តែសាច់រឿងក៏ឆ្លុះបញ្ចាំងពីសង្គមទាំងមូល ដែលធ្លាប់រងការមាក់ងាយផងដែរ ទើបលោកយល់ថា សាច់រឿងដែលខ្លួនសម្ដែង ជាការផ្ដល់កម្លាំងចិត្តដល់អ្នកមិនទាន់ជោគជ័យ។ ភាពយន្តខ្លីនេះ នឹងដាក់បង្ហោះឆាប់ៗ ខណៈដែលជំនួញដីធ្លី និង ជំនួញនាំចូល និងផលិតឱសថរបស់លោក ទទួលផ្លែផ្កា៕