FIFA និង WHO ចុះហត្ថលេខាលើអនុសារណៈយោគយល់គ្មានផ្សែងបារី នៅក្នុងបាល់ទាត់

05-10-2019 12:45pm

បាល់ទាត់ៈ កាលពីថ្ងៃសុក្រម្សិលមិញនេះ គណៈគ្រប់គ្រងបាល់ទាត់ពិភពលោក FIFAនិងអង្គការសុខភាពពិភពលោក WHOបានព្រមព្រៀងគ្នា ដើម្បីធ្វើការជាមួយគ្នា ក្នុងការធានាបានបរិស្ថានគ្មានផ្សែងបារីនៅក្នុងពហុកីឡដ្ឋាន និងលើកកម្ពស់ជីវិតមានសុខភាពនៅទូទាំងកីឡាបាល់ទាត់។

WHOនឹងផ្តល់ជូនផងដែរនូវដំបូន្មានដល់ FIFAពាក់ព័ន្ធរបបអាហារមានសុខភាព សុវត្ថិភាពចំណីអាហារ ការជួបជុំទ្រង់ទ្រាយធំ និងហានិភ័យពាក់ព័ន្ធនឹងការទទួលទានស្រា។

ប្រធាន FIFAលោក Gianni Infantino និងអគ្គនាយករដ្ឋ WHOលោក Tedros Adhanom Ghebreyesusបានចុះហត្ថលេខាលើអនុសារណៈយោគយល់រយៈពេល៤ឆ្នាំ នៅទីស្នាក់ការកណ្តាលរបស់អង្គការ WHO ស្ថិតនៅក្នុងទីក្រុងសឺណែវ ប្រទេសស្វីស។

លោក Infantinoដែលគណៈគ្រប់គ្រងរបស់លោកមានមូលដ្ឋាននៅទីក្រុង Zurich ទើបតែកើតមានរឿងអាស្រូវពុករលួយទ្រង់ទ្រាយធំកាលពីឆ្នាំ២០១៥នោះ បាននិយាយថា FIFAនិង WHOបានបង្កើតដៃគូធម្មជាតិ។

នៅក្នុងសន្និសីទកាសែតរួមគ្នាលោក Infantinoបានបញ្ជាក់ថា នៅទីបំផុត ពួកយើងយល់ឃើញថា យើងពិតជាមាននូវបេសកកម្មសង្គមផងដែរនៅក្នុង FIFA គឺជាបេសកកម្មសង្គមមួយដែលយើងត្រូវគិតគូយ៉ាងហ្មត់ចត់ ដែលយើងត្រូវតែមានទំនួលខុសត្រូវខ្ពស់៕