កីឡាករ Mohamed Salah នឹងបាត់មុខពីក្រុមជម្រើសជាតិអេហ្ស៊ីប ដោយសារហេតុផលមិនច្បាស់លាល់

04-10-2019 4:07pm

បាល់ទាត់ៈ លោក Hossam El Badry គឺជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអេហ្ស៊ីប បាននិយាយកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះថា តារាបាល់ទាត់ Mohamed Salah របស់ក្លិបហង្សក្រហម Liverpoolនឹងត្រូវសម្រាក ហើយគាត់នឹងត្រូវអវត្តមានពីការប្រកួតលក្ខណៈមិត្តភាពរបស់ក្រុមជម្រើសជាតិអេហ្ស៊ីប ជាមួយក្រុមជម្រើសជាតិបុតស្វាណា នាថ្ងៃទី១៤ ខែតុលា ខាងមុខនេះ។

ការប្រកាសបែបនេះ បានកើតមានឡើងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយកីឡាករ Salahបានធ្វើឲ្យមានការចងចញ្ចើមដាក់គ្នា ដោយការផ្លាស់ប្តូរប្រវត្តិរូបសង្ខេបតាមបណ្តាញសង្គម Twitterរបស់គាត់ ដោយលោកបានអះអាងថា លោកលេងឲ្យតែក្រុម Liverpoolមួយគត់ ដោយបានលប់ចោលរាល់អំណះអំណាងណាមួយនៃការពាក់ព័ន្ធរបស់គាត់ជាមួយក្រុមជម្រើសជាតិអេហ្ស៊ីប។

គួរឲ្យដឹងថា កីឡាករSalahបានជាប់នៅលេខរៀងទី៤នៅការបោះឆ្នោតសម្រាប់រង្វាន់កីឡាករបាល់ទាត់ឆ្នើមរបស់ FIFAកាលពីសប្តាហ៍មុន ក្នុងនោះការបោះឆ្នោតចំនួន២សន្លឹករបស់អេហ្ស៊ីប ត្រូវបានច្រានចោលដោយគណៈគ្រប់គ្រងបាល់ទាត់ពិភពលោកមួយនេះ ក្រោយពេលពួកគេចុះហត្ថលេខាដោយអក្សរធំ។

លោក El Badry បាននិយាយប្រាប់ទូរទស្សន៍ MBC Masr ថា លោកបាននិយាយជាមួយ Salahបន្ទាប់ពីសេចក្តីរាយការណ៍ពីវេជ្ជបណ្ឌិតក្រុមជម្រើសជាតិលើសមត្ថភាពលេងរបស់ក្រុមកីឡាករល្អៗលេងនៅបរទេស ហើយយើងក៏បានសម្រេចចិត្តមិនបញ្ចូលឈ្មោះគាត់ទៅក្នុងក្រុមជម្រើសជាតិអេហ្ស៊ីប៕