រំដួលលិចទឹក ចង់ឲ្យកញ្ញាជាប់លេខ១ Miss Planet Cambodia បំផុសសិល្បៈ និងបរិស្ថាន

03-10-2019 2:46pm

ភ្នំពេញៈ កញ្ញារំដួលលិចទឹក ដែលគេស្គាល់ថា ជាកំពូលអ្នកច្នៃម៉ូដដ៏ជំនាញ បានមកចូលខ្លួនធ្វើជាអ្នកចាត់ចែងការងារប្រឡងបវរកញ្ញាភពផែនដីឆ្នាំ២០២០ម្តងទៀតហើយ ក្រោយទទួលបានភាពជោគជ័យជាលើកទី១។ ក្នុងនាមជាអ្នកបង្រៀនបវរកញ្ញារដូលកាលថ្មីរំដួលលិចទឹកចង់ឲ្យគ្រប់បវរកញ្ញា ដែលមកប្រឡងចេះរួមគ្នាបង្ហាញការសម្អាតបរិស្ថាន និងលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ។

កាលពីរសៀលម្សិលមិញនេះ នៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែក មានរៀបចំពិធីសន្និសីទសារព័ត៌មានមួយ ដើម្បីប្រកាសបង្ហាញពីការរៀបចំព្រឹត្តិការណ៍ប្រកួត Miss Planet Cambodia 2020 ដែលបានមកដល់រដូលកាលថ្មីទៀតហើយ។ ក្នុងនោះគេឃើញមានគណៈកម្មាការផ្សេងៗ និងបវរកញ្ញាឯកភពផែនដីរដូលកាលទី១ មកដាក់ពិន្ទុវាយតម្លៃបេក្ខនារីមកប្រកួតផងដែរ។

ការប្រកួតនេះ មានបេក្ខនារីជាច្រើនដាក់ពាក្យមួយនេះ គឺជាលើកទី២ហើយ ដែលកម្ពុជា  ក្រោមការរៀបចំរបស់កញ្ញារំដួលលិចទឹក បន្ទាប់ពីទទួលបានសិទ្ធិបានសិទ្ធិពីគណកម្មការ Miss Planet International។ គណកម្មការដែលចូលរួមកាត់ក្ដីនៅក្នុងវេទិកានោះរួមមាន ៖ កញ្ញា រំដួលលិចទឹក អគ្គនាយិកា Miss Planet Cambodia, អ្នកស្រី ហាលីមីន អគ្គនាយិកា Miss Planet International, លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា, អ្នកស្រី សរ កេសារ៉ា ម្ចាស់ផលិតកម្មកេសារ៉ាភាពយន្ត, កញ្ញា រីចំណាន កល្យាណ បវរកញ្ញាភពផែនដីឆ្នាំ២០១៩ និង តំណាងក្រុមហ៊ុនជាស្ពុនស័រ។ បេក្ខនារីដែលជាប់ទាំង២៥នាក់ នឹងដំណើរការប្រកួតច្រើនដំណាក់កាល ដោយនៅថ្ងៃទី២៨ តុលា គឺជាការប្រកួតវគ្គចុងក្រោយ ដើម្បីស្វែងរកម្ចាស់មកុដ។

កញ្ញា រំដួលលិចទឹក បានថ្លែងបញ្ជាក់ថា កម្មវិធីបវរកញ្ញាភពផែនដី គឺកម្មវិធីប្រកួតបវរកញ្ញា ដែលបង្កើតឡើងដោយជនជាតិកម្ពុជា គឺអ្នកស្រី ហាលីមីន ដោយកម្មវិធីនេះទទួលបានជោគជ័យម្ដងហើយ កាលពីឆ្នាំទី១ ទើបសម្រេចរៀបចំក្នុងឆ្នាំទី២។ កញ្ញាថាការជម្រើសយកបេក្ខនារីកម្ពុជា នៅក្នុងពេលនេះ គឺដើម្បីស្វែងរកតំណាងកម្ពុជាមួយរូប ទៅប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិនៅដើមឆ្នាំ២០២០ខាងមុខ ដែលក្នុងឆ្នាំនេះកម្ពុជា ក៏នៅតែជាម្ចាស់ផ្ទះដដែល។ ការប្រកួតនៅក្នុងឆ្នាំនេះ មានការចូលរួមពីបេក្ខនារីច្រើនជាងឆ្នាំមុន ហើយស្ទើរតែគ្រប់ខេត្តក្រុងផង។ កញ្ញាថា នេះគឺជាមោទនភាពដែលកម្ពុជាមានការប្រកួតបវរកញ្ញា ហើយមានប្រទេសជាច្រើនបញ្ជូនបេក្ខនារីមកប្រកួត៕