តារាហ្វេសប៊ុក  Bee Yobo Bee អ្នកលក់អនឡាយ កុំយករបស់ក្លែងក្លាយបោកភ្ញៀវ

03-10-2019 2:01pm

ភ្នំពេញៈ ខណៈដែលអ្នកលេងសង្គមហ្វេសប៊ុកកាន់តែឡើងកំដៅ ករណីតារាស្រី៣រូប លក់កាបូបកូពី ហើយថា ជាកាបូប Original ចេញពីក្រុមហ៊ុន ធ្វើអោយមានប្រតិកម្មនោះ តារាហ្វេសប៊ុក ដែលនិយមបង្ហោះរូបភាពស៊ិចស៊ី និងបង្អួតសាច់ស ជាមួយដើមទ្រូងធំ កញ្ញា ហាង លីនដា ហៅ ប៊ី យ៉ូ បូ ក៏បានចេញមុខព្រលះដែរ។ បើទៅមិនបានបញ្ចេញឈ្មោះ តែគេដឹងយ៉ាងច្បាស់ថា នាងចង់សំដៅទៅតារា៣នាក់ បងប្អូន ដែលកំពុងកក្រើករឿងអាស្រូវមួយនេះ។

កញ្ញា Bee Yobo Bee  បាន Live វីដេអូ លើកឡើងតារាបីនាក់បងប្អូននោះ កំពុងឆបោក និងរំលោភលើសេចក្ដីទុកចិត្តរបស់អតិថិជន ដោយបោកមហាជនថា លក់កាបូបសុទ្ធៗពីក្រុមហ៊ុនមួយទឹក ប៉ុន្តែការពិត គឺសុទ្ធតែជារបស់កូពី។ កញ្ញាថា អ្នកទាំង៣ បានភូតកុហកមហាជនថា ខ្លួនទិញកាបូបពីក្រុមហ៊ុនមកប្រើក្នុងតម្លៃប៉ុន្មានពាន់ប៉ុណ្ណោះ ហើយប្រើបានមួយម្ដង ឬពីរដង ក៏សម្រេចលក់វិញ ដែលតាមការពិតកាបូប ដែលប្រកាសថា គឺជារបស់ដើមពីរោងចក្រធំនោះ គឺសុទ្ធសឹងតែជាកាបូបកូពី។ អ្វីដែលនាងឈឺចិត្ត គឺបងប្អូនទាំង៣ ថែមទាំងយកបុរសជាជនជាតិបរទេសម្នាក់  ដើម្បីឆបោកប្រជាជនខ្មែរក្នុងមុខរបរនេះទៅទៀត។

នាងបន្តថា ខ្លួននៅស្ងៀមមិនបានទេ នៅពេលឃើញអ្នកទិញកាបូបពីបងប្អូនទាំង៣ ចាញ់បោកស្រស់ៗ ដោយកាបូបសុទ្ធតែស្បែកកូពី តែឆបោកមហាជនថា របស់សុទ្ធ ហើយលក់តម្លៃកប់ពពក។ អ្វីដែលនាងទទួលមិនបាន គឺការឆបោកដោយថា ទៅក្រុមហ៊ុនម្ដងទិញអស់រាប់សែនដុល្លារ ប៉ុន្តែការពិត គឺច្បាប់ក្រុមហ៊ុនមិនអាចទិញម្ដងបាន១០ម្ភៃកាបូបយកមកផ្សាយលក់បែបនេះបានទេ។ នាងថា អតិថិជនភាគច្រើន បូករួមទាំងអ្នកដែលនាងស្និទ្ធិផង សុទ្ធតែចាញ់បោកបងប្អូនទាំង៣ ដោយកាបូបពេល Live គឺអាចរបស់សុទ្ធ ប៉ុន្តែក្រោយពេលមកដល់ដៃ គឺយកទៅសួរតាមហាងបែរជារបស់អន់។ នាងប្រកាសអោយបងប្អូនទាំង៣សងលុយបុគ្គលដែលនាងដឹងថា ចាញ់បោកអោយអស់ បើមិនដូច្នោះទេ គឺនាងនឹងបន្តធ្វើអោយផ្អើល ខណៈដែលនាងបានអះអាងថា មានមនុស្សច្រើនណាស់ បូករួមទាំងក្រុមហ៊ុនកាបូបដើមផង ត្រៀមប្ដឹងបើករណីមិនបង្វិលលុយវិញផ្ទុះឡើង។

មិនខុសគ្នាដែរ ប្អូនប្រុសរបស់តារាទាំង៣ ក៏ត្រូវគេចោទថា បាន Live លក់របស់បោកប្រាស់ដូចគ្នាផងដែរ ដោយបោកថា ជានាឡិកាសុទ្ធពាក់ហើយមួយទឹកនៅថ្មី ប៉ុន្តែការពិត គឺជារបស់ក្លែងក្លាយ។ មកទល់ម៉ោងនេះ ករណីរកស៊ី​ឆបោកមហាជនរបស់បងប្អូនទាំង៤ កំពុងកក្រើកហ្វេសប៊ុក តែមិនទាន់ឃើញមានការចាត់វិធានការផ្លូវច្បាប់ពីអ្នកអះអាងថា ចាញ់បោកនោះទេ ខណៈដែលបងប្អូនទាំង៣ បានត្រឹមតែប្រកែក នឹងថា អ្នកចោទខ្លួនថា រកផ្សាយលក់កាបូបក្លែងក្លាយ ដោយសារតែភាពច្រណែន៕