បានថៅកែចងចិត្ត វណ្ណា វត្តី ចាប់ផ្តើមរារែកឈរលើសិល្បៈ

21-09-2019 2:34pm

ភ្នំពេញៈ តារាចម្រៀង និងជាតារាសម្ដែងកញ្ញា វណ្ណា វត្តី បានបង្ហាញនូវតម្រុយចង់បន្ត ឬគួរតែនៅប្រឡូកសិល្បៈ គ្រាដែលនាងស្រាប់តែដើរជំពប់រឿងល្អជាមួយថៅកែៗ។ យ៉ាងណា វត្តី បានផ្ចង់ការគិតជាគោលរឿងសិល្បៈ ដើម្បីកុំឲ្យពិចារណាខុស។

ប្រភពជិតស្និទ្ធិទម្លាយថា វណ្ណា វត្តី កំពុងរយាលឆ្ងាយពីសិល្បៈនៅក្នុងពេលនេះ ដោយសារតែនាងវក់ជាមួយនឹងថៅកែៗ ដោយចំណាយពេលច្រើននៅតាមខេត្ត អមដោយវត្តមានថៅកែៗ និងបុរសសេដ្ឋី។ ប្រភពដដែលបន្តទម្លាយថា នាងមិនត្រឹមតែមិនខ្វល់ នឹងការងារសប្បុរសធម៌ ឬ ការងារសង្គមនោះទេ សូម្បីតែការងារសិល្បៈនានា​ ក៏នាងស្ទើរតែលែងចង់រវល់ផងដែរ ចាប់តាំងពីនាងបានស្គាល់ថៅកែធំៗ ហើយជាប់សូរទៅណាមកណា តែជាមួយបុរសៗមាន​ទ្រព្យស្ដុកទាំងនោះ។ នាងចំណាយពេលស្ទើរតែ៣០ថ្ងៃក្នុងមួយខែ ជាមួយតែថៅកែៗ ក្នុងគម្រោងដើរមើលដីធ្លីតាមខេត្តគ្មានពេលសម្រាក។ យ៉ាងណាមិញ សកម្មភាពដែលនាងកំពុងធ្វើនៅក្នុងពេលពេលនេះ មានការអះអាងថា ទទួលបានចំណូលច្រើនមិនធម្មតានោះឡើយ ទើបនាងសប្បាយនឹងមុខជំនួញថ្មីនេះ រហូតលែងខ្វល់នឹងការងារសិល្បៈ។

កញ្ញា វណ្ណា វត្តី សារភាពថា នាងពិតជាមិនសូវបានគិតពីការងារសិល្បៈប្រមាណជាង២ខែចុងក្រោយ បន្ទាប់ពីនាងបានស្គាល់ដៃគូ ហើយចាប់ដៃគ្នារកស៊ី​ខាងនាំថៅកែខ្មែរ ចិន និងជនជាតិផ្សេងៗដើរមើលដី។ មុខរបរថ្មី ដ្បិតតែធ្វើអោយនាងនៅខេត្តច្រើនជាងនៅភ្នំពេញ ហើយត្រូវធ្វើដំណើរពីមួយកន្លែងទៅមួយកន្លែង ប៉ុន្តែសម្រាប់ចំណូលគឺក្រែល ជាពិសេសក្នុងពេលណែនាំភ្ញៀវចិន ឬ ថៅកែៗ អោយទិញដីបានមួយប្លង់ៗ ដែលមានទំហំច្រើនហិកតារ។

កញ្ញាថា បណ្ដាផលិតករ និងអ្នករៀបចំកម្មវិធី ហៅនាងអោយសម្ដែង និងឡើងច្រៀងច្រើនណាស់ ដោយសូម្បីតែក្រុមការងារក៏ស្នើផលិតចម្រៀងក្នុងពេលរវល់នេះមិនតិចដែរ ប៉ុន្តែនាងមិនអាចទទួលព្រោះតែរវល់នៅតែខេត្ត។

យ៉ាងណាមិញនាងថា មិនចោលសិល្បៈនោះទេ គឺនៅតែនឹងរកពេលផលិតបទថ្មី និងទទួលការងារសម្ដែង ដោយនឹងសកម្មក្នុងការចូលរួមកម្មវិធីសប្បុរសធម៌ អោយបានញឹកជាថ្មី  អោយតែនាងដកឃ្លាពីការងារមើលដីបានបន្តិច៕