ចិន បណ្តេញនាវាចម្បាំងឈ្លានពានសហរដ្ឋអាមេរិក ចេញពីដែនទឹកជម្លោះជិតកោះ Paracel

16-09-2019 3:52pm

ចិនៈ ក្រសួងការពារជាតិចិន បាននិយាយថា ពួកគេបានបណ្តេញនាវាចម្បាំងសហរដ្ឋអាមេរិក ចេញពីដែនទឹកជម្លោះនៅជិតកោះ Paracel កាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយពួកគេបានចាត់ទុកការល្បាតនាវានៅក្នុងសមុទ្រវិវាទចិនខាងត្បូង ថាជា “ទង្វើឈ្លានពាន” ។

លោកវរសេនីយ៍ឯក លី ហួមីន  គឺជាអ្នកនាំពាក្យក្រុមមេបញ្ជាការភូមភាគខាងត្បូងនៃកងទ័ពរំដោះប្រជាមានិតចិន បាននិយាយថា នាវាចម្បាំងបំពាក់មីស៊ីល USS Wayne E. Meyer របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបើកមកជិតកោះ Paracel ដែលគេស្គាល់ថាជាកោះ Xisha នៅក្នុងប្រទេសចិន ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន។

លោកលី បាននិយាយថា កងទ័ពជើងទឹក និងកងទ័ពអាកាសចិន បានកំណត់អត្តសញ្ញាណ តាមដាន ព្រមាន និងបានបណ្តេញនាវាចម្បាំងមួយគ្រឿងនោះ។

លោកបន្តថា ការមិនអើពើនឹងច្បាប់ និងបទបញ្ជាអន្តរជាតិ ភាគីសហរដ្ឋអាមេរិក កំពុងតែប្រើឥទ្ធិពលនាវាចរណ៍នៅក្នុងសមុទ្រចិនខាងត្បូងអស់រយៈពេលជាយូរឆ្នាំមកហើយ ។ សកម្មភាពបែបនេះ បានធ្វើឲ្យអន្តរាយយ៉ាងធ្ងន់ធ្ងរមកលើផលប្រយោជន៍អធិបតេយ្យភាពទឹកដីចិន ហើយនិងបញ្ជាក់យ៉ាងច្បាស់ថា ភាគីសហរដ្ឋអាមេរិក ខ្វះខាតភាពស្មោះត្រង់នៅក្នុងការរក្សាសន្តិភាពសកល ក៏ដូចជាសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ផងដែរ។

លោកលីបានបញ្ជាក់ទៀតថា ទាហានរបស់ពួកយើងនឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារទាំងស្រុងនូវអធិបតេយ្យភាពទឹកដីជាតិ និងសន្តិសុខជាតិ ហើយនិងរក្សាឲ្យបានសន្តិភាព និងស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង។

សូមបញ្ជាក់ថា ទីក្រុងវ៉ាស៊ីងតោន បានបង្កើនសេរីភាពនៃប្រតិបត្តិការនាវាចរណ៍ដ៏គគ្លើនរបស់ពួកគេនៅក្នុងសមុទ្រជម្លោះមួយនេះ ដើម្បីតតាំងនឹងការប្រកាសគ្រប់គ្រងដែនសមុទ្រដ៏មហាសាលរបស់ទីក្រុងប៉េកាំង៕