ថ្ងៃកាន់បិណ្ឌទី២ ពុទ្ធបរិស័ទ ជាពិសេសយុវវ័យ បានទៅបោះបាយបិណ្ឌ នៅវត្តចាក់អង្រែក្រោម យ៉ាងច្រើនកុះករ

15-09-2019 9:48am

ភ្នំពេញៈ ថ្ងៃនេះ ជាថ្ងៃកាន់បិណ្ឌទី២ ហើយព្រឹកមិញនេះ ត្រូវនឹងថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ ២០១៩ ក៏មានប្រជាពលរដ្ឋខ្មែរ ដែលជាពុទ្ធបរិស័ទ ជាពិសេសយុវវ័យ បានទៅបោះបាយ បិណ្ឌនៅវត្តចាក់អង្រែក្រោម និងនៅតាមទីវត្តអារាមនានា ទូទាំងរាជធានីភ្នំពេញ និងក្នុងព្រះ រាជាណាចក្រកម្ពុជា ទៅតាមជំនឿរបស់ពួកគាត់។

ទាក់ទងទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌនេះផងដែរ គឺជាពិធីបុណ្យដ៏ធំមួយក្នុងចំណោម ពិធីបុណ្យធំៗផ្សេងទៀត ដែលប្រជាពលរដ្ឋ ប្រារព្ធធ្វើ ហើយជារៀងរាល់ឆ្នាំពិធីបុណ្យកាន់បិណ្ឌ  និងភ្ជុំបិណ្ឌ តែងតែប្រារព្ធធ្វើរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលមានរយៈ ពេល១៥ថៃ្ង ។

យោងតាមចាស់ព្រឹទ្ធាចារ្យ  និងព្រះសង្ឃ ដែលគង់នៅវត្តចាក់អង្រែក្រោម  មានសង្ឃដីការប្រាប់អោយដឹងថា  ជារៀងរាល់ឆ្នាំពិធីបុណ្យកាន់បិណ្ឌ  និងភ្ជុំបិណ្ឌ តែងតែប្រារព្ធធ្វើឡេីងរយៈពេល១៥ថ្ងៃ នៅតាមទីវត្តអារាមនានា ទូទាំងរាជធានីភ្នំពេញ  និងក្នុង ព្រះ រាជាណាចក្រ កម្ពុជា និងនៅវត្តចាក់អង្រែក្រោម តែងតែមានប្រជាពលរដ្ឋពុទ្ធបរិស័ទក្មេងចាស់ប្រុសស្រី  លោកតា-លោកយាយ ជាច្រើន បាននាំយកនូវគ្រឿងសក្ការបូជា មានទៀនធូប ផ្កាភ្ញី បូជាចំពោះព្រះពុទ្ធអង្គ និងព្រះរតនត្រ័យ ព្រមទាំងទេយ្យទាន មានគ្រឿងឧបភោគ-បរិភោគជាច្រើនមុខ រួមនិងបច្ច័យ យកមកប្រគេនព្រះសង្ឃ និងរាប់បាត្រ បង្សុកូល ដើម្បីធ្វើបុណ្យ ឧទ្ទិសកុសលដល់បុព្វការីជន ជីដូនជីតា ញាតិការទាំង ៧សន្តាន ដែលបានចែកឋាន ទៅកាន់បរិលោកខាងមុខ សូមឱ្យមកទទួលនូវផល្លានិសង្ឃ ដែលកូនចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃនាបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឱ្យបានទៅសោយសុខនៅទីស្ថានបរមសុខគ្រប់ៗជាតិ។

លោកអាចារ្យ បន្តថា  វត្តចាក់អង្រែក្រោម  មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២  ទល់មុខវិទ្យាល័យ  ហ៊ុន សែន  ចាក់អង្រែ  ស្ថិតនៅភូមិទួលរកា  សង្កាត់ចាក់អង្រែក្រោម  ខណ្ឌមានជ័យ  រាជធានីភ្នំពេញ  ដែលមានព្រះបវរសត្ថា គឹម  នី  ជាព្រះគ្រូចៅអធិការវត្ត ដែលព្រះអង្គបានដឹកនាំកសាងសមិទ្ធផលនានាជាច្រើនក្នុងវត្តដូចជា កុដិ  កម្ពស់២ជាន់  ចំនួន២ កុដិ ផ្លូវបេតុង របងវត្ត ខ្លោងទ្វាវត្ត ផ្ទះបាយ បង្គោលភ្លើង វច្ចកុដ្ឋ(បន្ទប់ទឹក)  និងព្រះវិហារថ្មីមួយទៀត  ដែលមានកម្ពស់ពីរជាន់  ដែលទេីបកសាងបានប្រហែល៧០% ហើយ ដោយកំពុងបន្តសារសាងសង់ នៅឡើយ  និងបាន រៀបចំ រចនា សម្ព័ន្ធ ច្បាប់ វិន័យ និងបរិស្ថាន ក្នុងអារាមវត្តបានយ៉ាងល្អប្រពៃគួរឲ្យស្ញប់ស្ញែងពីពុទ្ធបរិស័ទ ចំណុះជើងវត្តជិតឆ្ងាយ។

បើតាមពុទ្ធបរិស័ទជាច្រេីន  តែងកោតសរសើរនូវការរៀបចំ ដ៏មានរបៀបរៀបរយ របស់ព្រះតេជគុណចៅអធិការ និងគណកម្មការវត្តចាក់អង្រែក្រោម ដែលបានចាត់ចែងចង្ហាន់ និងអាហារផ្សេងៗ ដែលញាតិញោមបានប្រគេនដល់ព្រះសង្ឃ និងបន្ទាប់ពីព្រះសង្ឃឆាន់ហើយទាំងប៉ុន្មាន យកមករៀបចំដាក់តាមតុអាហារ នៅបរិវេណជុំវិញព្រះវិហារ ដែលគណកម្មការ និងព្រះសង្ឃ បានអោយ សិស្ស  និស្សិត បានរៀបចំសម្រាប់ទទួលភ្ញៀវ ញាតិ ញោម   ឧបាសក ឧបាសិកា និង ពុទ្ធបរិស័ទ ជិតឆ្ងាយ  អញ្ជើញ ពិសារបាយ ប្រកបដោយរបៀបរៀបរយគួរជាទីរីករាយរាក់ទាក់ល្អ ។ ចំណែកឯបងប្អូនជនក្រីីក្រ  ជនពិការ  ជនអនាថា ក៏ត្រូវបានព្រះសង្ឃ ចាត់ចែង ចែកម្ហូបអាហារផ្សេងៗយកទៅពិសាររៀងៗខ្លួនផងដែរ។ ឃើញដូច្នេះញាតិញោម ពួកគាត់បានកុសលពីរដំណាក់កាល កើនឡើងបុណ្យទ្វេដងទៅតាមសទ្ធាជ្រះថ្លា។

ចំណែកឯបញ្ហាសន្តិសុខ កងកម្លាំងសមត្ថកិច្ច នគរបាល ប៉ុស្តិ៍ចាក់អង្រែក្រោម  សហការជាមួយនគរបាលខណ្ឌមានជ័យ  និងកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ព្រមទាំងប្រជាការពារខណ្ឌមានជ័យ និងសង្កាត់ សហការគ្នា ដើម្បីការពារ  សន្តិសុខ  សណ្តាប់ធ្នាប់ បានល្អប្រសើរផងដែរ៕