ក្រសួងព្រះបរមរាជវាំង ចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រ

13-09-2019 1:41pm

ភ្នំពេញៈ ក្រសួងព្រះបរមរាជវាំងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសលោក សម រង្ស៊ី យ៉ាងដាច់អហង្កា ក្រោយពីលោកនិយាយប្រមាថធ្វើឲ្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះមហាក្សត្រ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី១៣ កញ្ញានេះ បានឲ្យដឹងថា ក្រសួងព្រះបរមរាជវាំង សូមប្រកាសដាច់អហង្កា ថ្កោលទោសចំពោះលោក សម រង្សី ដែលមានចរិតជាជនក្បត់ជាតិ តែងតែពោលពាក្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គកំពុងគង់ប្រថាប់បំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តម ជានិមិត្តរូបនៃឯកភាពជាតិ និងរិរន្តរភាពជាតិ

សូមបញ្ជាក់ថា លោក សម រង្សី បាននិយាយក្នុងកិច្ចសម្ភាសន៍ជាមួយលោក មួង ណារ៉េត នៃវេទិកាវិទ្យុអាស៊ីសេរី នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ដោយប្រើពាក្យអសុរសធ្ងន់ៗមកលើព្រះកិត្តិនាម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រជារាស្ត្រខ្មែរទូទាំងប្រទេសគោរពស្រឡាញ់ស្មើជីវិត ៕