FIFA ពិនិត្យមើលលទ្ធភាព អនុញ្ញាតឲ្យស្រ្តីអ្នកគាំទ្របាល់ទាត់ ចូលក្នុងពហុកីឡដ្ឋាន

12-09-2019 7:32pm

បាល់ទាត់ៈ កាលពីថ្ងៃពុធម្សិលម្សិញនេះ សហព័ន្ធបាល់ទាត់ពិភពលោក FIFAបាននិយាយ ថា ពួកគេនឹងបញ្ជូនក្រុមមន្រ្តីទៅកាន់ប្រទេសអ៊ីរ៉ង់ ដើម្បីពិនិត្យមើលលទ្ធភាពនៃការអនុញ្ញាតឲ្យស្រ្តីអ្នកគាំទ្របាល់ទាត់ អាចចូលរួមទស្សនាការបាល់ទាត់នៅក្នុងប្រទេសអ៊ីស្លាមមួយនេះបាន។

ការលើកឡើងពី FIFA បានធ្វើឡើង រយៈពេល១សប្តាហ៍ប៉ុណ្ណោះ ក្រោយអ្នកគាំទ្របាល់ទាត់អ៊ីរ៉ង់ម្នាក់ បានដុតសម្លាប់ខ្លួននាង នៅខាងក្រៅតុលាការ ក្រោយត្រូវបានគេនិយាយប្រាប់នាងថា នាងនឹងប្រឈម ការជាប់គុករយៈពេល៦ខែ សម្រាប់ការព្យាយាមចូលទៅក្នុងពហុកីឡដ្ឋាន ស្ថិតនៅទីក្រុងតេអេរ៉ង់ ដោយតែងខ្លួនធ្វើជាមនុស្សប្រុសនោះ។

គណៈគ្រប់គ្រងបាល់ទាត់ពិភពលោកមួយនេះ បាននិយាយអះអាងថា គណៈប្រតិភូរបស់ពួកគេ នឹងធ្វើការវាយតម្លៃលើការរៀបចំឲ្យស្រ្តីចូលក្នុងពហុកីឡដ្ឋាន សម្រាប់ការទាត់ជម្រុះ World Cupនាពេលខាងមុខនេះ ក្នុងខែតុលា។

FIFA បានបន្តទៀតថា គ្មានសេចក្តីពិសា្តនោះទេពាក់ព័ន្ធនឹងកាលបរិច្ឆេតនៃការបំពេញទស្សនកិច្ច ប៉ុន្តែអ៊ីរ៉ង់ ដែលបានចូលលេងនៅ World Cup 2018នោះ នឹងត្រូវប៉ះក្រុមជម្រើសជាតិកម្ពុជា ដែលឈរនៅចំណាត់ថ្នាក់លេខ១៧០ពិភពលោក នាថ្ងៃទី១០ ខែតុលា ខាងមុខនេះ៕