សមត្ថកិច្ចក្រុងកំពង់ឆ្នាំង ឃាត់ខ្លួនមេការសំណង់ម្នាក់​ និងបក្ខពួក៩នាក់ ក្រោយពីតដៃជាមួយសមត្ថកិច្ច

12-09-2019 2:53pm

កំពង់ឆ្នាំងៈ មនុស្ស៩នាក់ ត្រូវសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង ធ្វើ​ការឃាត់ខ្លួន ខណៈដែលពួកគេ​រារាំងការងារសមត្ថកិច្ចកំពុងបំពេញភារកិច្ច។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៩ ចំណុចខាងមុខមន្ទីរហិរញវត្ថុខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលចម្រុះខេត្តកំពង់ឆ្នាំង បានឲ្យ​ដឹងថា ការឃាត់ខ្លួនខាងលើនេះ សមត្ថកិច្ចចាប់ខ្លួនមេការសំណង់អគាដ៏ខ្ពស់មួយក្នុងខេត្ត រួមនិងកម្មករ៩នាក់ទៀត។

សមត្ថកិច្ចនគរបាលចម្រុះខេត្តកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងថា នៅពេលដែលកងកម្លាំងនគរបាលចរាចរណ៍ខេត្ត និងក្រុងសហការគ្នា ដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះសណ្ដាប់ធ្នាប់ គ្រឿងញៀន និងត្រួតពិនិត្យការស្រវឹងនៅលើតាមដងផ្លូវសាធារណៈ ពេលយប់នោះមានកម្មករសំណង់ធនាគារម្នាក់ បានជិះម៉ូតូអត់ពាក់មួក ហើយត្រូវបានសមត្ថកិច្ចឃាត់ ដើម្បីធ្វើការពិន័យ ប៉ុន្តែកម្មករទាំងនោះ មានម្នាក់មិនព្រមអោយធ្វើការផាកពិនយ័ ក៏បានខលទូរស័ព្ទហៅគ្នាគេជាច្រើនទៀត រួមទាំងមេការសំណង់ម្នាក់មកជាមួយផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា មេការសំណង់រូបនេះបានធ្វើការញុះញង់ឲ្យកម្មករធ្វើការវាយ​តដៃជាមួយនឹងសមត្ថកិច្ច ពេលនោះក៏មានកម្មករម្នាក់ បានស្ទុះមកវាយ​លើសមត្ថកិច្ច ដែលកំពុងបំពេញការងារនៅពេលយប់។

សមត្ថកិច្ចបញ្ជាក់ទៀតថា ក្រុមកម្មករសំណង់ទាំងអស់នេះ ស្ថិតក្នុងស្ថានភាពស្រវឹង និងមានភាពច្រងេងច្រងាងខ្លាំងមែនទែន និងបានរារាំងដាក់មកលើសមត្ថកិច្ច ដែលកំពុងបំពេញការងារ។

សមត្ថកិច្ចគ្មានជម្រើសក្រៅពីការចាប់ខ្លួនជនស្រវឹងទាំង១០នាក់ បញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តទាំងយប់ ដើម្បីបន្តតាមនិតិវិធី៕