ឃើញក្រុម​​ស្ទាវប្រចាំណេត ជិតប៉ុស្តិ៍មនោរម្យ ដេញកាប់មិត្តភក្តីឈាមដាបពេញផ្លូវ យុវជនម្នាក់ ឡើងបើករថយន្តបំបុកជនបង្ក ជ្រុលទៅបុកផ្ទះពលរដ្ឋបាក់ខ្ទេច

12-09-2019 11:13am

ភ្នំពេញៈ បនល្បែងស៊ីសងជ្រកក្រោមស្លាក អ៊ិនធឺណិត ស្ថិតនៅផ្ទះលេខ៥១Eo ផ្លូវលេខ១៣៤ ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា មានចម្ងាយជាង១០០ម៉ែត្រពីប៉ុស្តិ៍នគរបាលរដ្ឋបាលមនោរម្យ ពិតជាដំណើរការយ៉ាងរលូនរាប់ឆ្នាំមកហើយ បែរជាផ្ទុះហិង្សាឡើង ដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ មិនដឹងថា គាត់មានរឿងរ៉ាវអី្វ ត្រូវបានជនបង្កមានគ្នា២នាក់ ដែលគេស្គាល់ថា ជាអ្នកមកលេងណេតជាប្រចាំ ប្រដាប់ដោយដាវសាម៉ូរៃ បានព្រួតកាប់ស្ទើរដាច់កដៃ  បណ្តាលឲ្យរងរបួសធ្ងន់ ហើយមិត្តភក្តិជនរងគ្រោះ បើករថយន្តបំបុកជនបង្ក តែក៏ជ្រុលទៅបុករបង និងទ្វារផ្ទះប្រជាពលរដ្ឋ បាក់ខ្ទេចរាយបាយពេញផ្លូវ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០៖៤០នាទីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចណេតមួយកន្លែង ផ្ទះលេខ៥១Eo លើផ្លូវលេខ១៣៤ ស្ថិតក្នុងសង្កាត់មនោរម្យ  ខណ្ឌ៧មករា ស្ថិតនៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា។

អ្នក​ឃើញហេតុការណ៍ បានអោយដឹងថា នៅចំណុខមុខណេតកើតហេតុ គេតែងតែឃើញ ក្រុមយុវជនស្ទាវៗពពាក់ពពូនគ្នា  ដើរចេញ ដើរចូលក្នុងណេតនោះ ក្រោយមកគេឃើញ មាន  រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក LEXUS GS300  ពណ៌ខ្មៅ បើកបរដោយយុវជន២នាក់ បានបើកមកឈប់ជិតណេតនោះ ហើយបានដើរចូលទៅក្នុងណេត មួយសន្ទុះក្រោយមក មិនដឹងថា មានរឿងអ្វីទេ ស្រាប់តែផ្ទុះហិង្សាឡើង រវាងក្រុមក្មេងស្ទាវប្រចាំណេត និងយុវជនទាំងពីរនាក់ ដែលបើករថយន្តមកនោះដោយឃើញយុវជនម្នាក់  ដែលជាអ្នករួមដំណើរក្នុងរថយន្ត បានរត់ចេញពីណេតមក ហើយមានក្មេងស្ទាវប្រចាំណេត២នាក់  ប្រដាប់ដោយដាវសាម៉ូរៃ  បានរត់ដេញកាប់ ដូចអ្នកលេងនៅហុងកុង  រហូតដល់មុខផ្ទះប្រជាពលរដ្ឋ  បណ្តាលឲ្យរងរបួសធ្ងន់ ស្ទើរតែដាច់កដៃ និងក្បាល។

អ្នកឃើញហេតុការណ៍ បន្តថា ចំណែកឯយុវជន ដែលជាអ្នកបើករថយន្ត បានស្ទុះរត់ឡើងបើករថយន្ត ជាន់ហ្គែលយ៉ាងលឿន តម្រង់ទៅបំបុកក្រុមក្មេងស្ទាវ ដែលកំពុងកាប់មិត្តភក្តិរបស់ខ្លួន ប៉ុន្តែជ្រុលទៅបុករបងនិងទ្វារផ្ទះប្រជាពលរដ្ឋបាក់ខ្ទេច ឃើញដូច្នេះក្រុមក្មេងស្ទាវ ប្រដាប់ដោយដាវ បានបោះចោលដាវសាម៉ូរៃ ហើយនាំគ្នារត់ចែកជើងគ្នាបាត់ស្រមោលអស់  ។

ក្រោយមកក្រុមជនបង្ក ក៏នាំគ្នារត់គេចខ្លួនបាត់អស់ ហើយ​ក៏លើកអ្នករបួសឡើ​ងរថយន្តបើកទៅដល់មុខមន្ទីរពេទ្យ សម្ភពព្យាបាលសុក្រិត ផ្លូវ១៣៩  សង្កាត់មិត្តភាព ខណ្ឌ៧មករា  ដើម្បីឲ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ ប៉ុន្តែក្រុមគ្រូពេទ្យមិនព្រមទទួលនោះទេ  ដោយសារតែរបួសធ្ងន់ធ្ងរពេក  គាប់ជួនសមត្ថកិច្ចល្បាតឆ្លងកាត់នោះឃើញក៏សួរនាំ ទើបឈានដល់ការ​ឃាត់ខ្លួនម្ចាស់រថយន្តសិន ដើម្បីសួរនាំ និង​ហៅរថយន្តសង្គ្រោះរបស់មន្ទីរសម្រាកព្យាបាល ហុងហាក់  មកដឹកយកទៅសង្គ្រោះបន្ត តែដោយសារជនរងគ្រោះហូរឈាមច្រើនពេក  ក៏បញ្ជូនបន្តទៅមន្ទីរពេទ្យលោកសង្ឃ ដើម្បីសង្គ្រោះបន្ទាន់។

ប្រភពពីម្ចាស់ផ្ទះមួយកន្លែង បានអោយដឹងថា ដំបូងឡើយ គាត់មិនដឹងថាក្រុមក្មេងស្ទាវទាំងនោះ មានបញ្ហាអ្វីនឹងគ្នាទេ គឺដឹងត្រឹមពេលលឺសំឡេ​ងស្រែកឆោឡោ ហើយឃើញក្រុមក្មេងស្ទាវ ដែលមានដាវសាម៉ូរៃ  រត់ប្រសាចដេញកាប់យុវជនម្នាក់ ដូចកាប់សាច់ជ្រូក ទាំងគ្នាខំរត់ ប្រតាយប្រតប់  និងយកដៃរងក៏ដោយ បណ្ដាលឲ្យរងរបួសធ្ងន់ ខ្ទាតឈាមពេញទ្វារផ្ទះរបស់គាត់ ទលបមានយុវជនម្នាក់ទៀត ឡើងបើករថយន្តទំនើបមួយគ្រឿង  បួងចង្កូតបត់ត្រលប់ក្រោយតម្រង់មកបុក ក្រុមក្មេងភាគី ដែលមានដាវសាម៉ូវៃ តែក្រុមក្មេងស្ទាវដែលមានដាវ  នាំគ្នារត់គេចចុះឡើងចុះឡើងបំណងទៅកាប់ទាំងអ្នកបើករថយន្តនោះទៀត  តែនៅអ្នកបើករថយន្ត បើកថយមកបប្រុងបុកទៀត  ហើយក៏បត់រថយន្តមកវិញទៀត ជាន់ហ្គែលយ៉ាងលឿន តម្រង់ទៅបុកក្រុមភាគី ដែលមានដាវនោះ តែក្រុមក្មេងស្ទាវទាំងនោះ  រត់ចែកជើងគ្នា ព្រៀត  ជ្រុះតែដាវសាម៉ូរៃមួយដើម ហើយគេចខ្លួនបាត់ ចំណែករថយន្តក៏ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ បន្តបន្ទាប់គ្នា រួចអ្នកបើករថយន្ត ចុះមកជួយលើកយុវជន ដែលរងរបួសឡើងរថយន្ត រួចបើកចេញទៅ តែក្រោយមកក៏លឺថា សមត្ថកិច្ចឃាត់បាននាំមកប៉ុស្តិ៍ ទើបពួកគាត់ ដែលជាម្ចាស់ផ្ទះដែលរងការខូចខាត  នាំគ្នាទៅប៉ុស្តិ៍ទាមទារសំណងយកមកជួសជុលផ្ទះវិញ  ឬត្រូវដោះស្រាយយ៉ាងណា រង់ចាំមើលនៅប៉ុស្តិ៍ទៀតផងដែរ។

បច្ចុប្បន្នអ្នករបួសធ្ងន់  និងហូរឈាមច្រើនពេក  ទើបមន្ទីរសម្រាកព្យាបាលហុងហាក់  បញ្ជូនបន្តទៅមន្ទីរពេទ្យ ព្រះកុសុមៈ (ពេទ្យលោកសង្ឃ)ជួយសង្គ្រោះ បន្ត  ចំណែកឯអ្នកបើករថយន្តបង្ក  ត្រូវសមត្ថកិច្ចនាំមកសាកសួរបំភ្លឺ  នៅស្នាក់ការប៉ុស្តិ៍ មនោរម្យ  រីឯរថយន្តត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកបណ្ដោះអាសន្ន  នៅអធិការដ្ឋានខណ្ឌ៧មករា  ដេីម្បីរងចាំដោះស្រាយពេលក្រោយ។

ជាមួយគ្នានេះ  ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរគួរមានវិធានការលុបបំបាត់ចំពោះបនល្បែងស៊ីសងទាំងនេះ ដែលជាប្រភពនៃបទល្មើស លួច ឆក់ ប្លន់ កាប់ចាក់គ្នា ក្នុងនោះទីតាំងនៃអ៊ីនធើណេតផងដែរ គឺជាកន្លែងប្រើប្រាស់ ជួញដូរគ្រឿងញៀន យ៉ាងសកម្មភាពនៅក្នុងទីតាំងអស់ទាំងនោះ បង្កឲ្យប៉ះពាល់ដល់សង្គមយ៉ាងធ្ងន់បំផុត៕