ក្រុមតារាចម្រៀងស្រីកូរ៉េ Matilda ត្រូវបានរំសាយជាផ្លូវការ

12-09-2019 10:51am

កូរ៉េខាងត្បូងៈ កាលពីថ្ងៃទី១១ ខែកញ្ញា ប្រភពព័ត៌មានមួយពីទីភ្នាក់ងារ Box Media Entertainment របស់ពួកគេ បានបញ្ជាក់ប្រាប់កាសែត Star Newsថា ក្រុមតារាចម្រៀងស្រីកូរ៉េ Matilda ត្រូវបានរំសាយចោលជាផ្លូវការហើយ ក្រោយកុងត្រារបស់សមាជិកក្នុងក្រុមទាំងអស់ បានផុតកំណត់។

នាង Semmi និងនាង Dan-A ដែលជាសមាជិកក្រុមតារាចម្រៀង Matilda ធ្លាប់បានប្រកាសកាលពីមុនផងដែរថា កុងត្រារបស់ពួកនាងជាមួយក្រុមហ៊ុន Box Media Entertainment បានផុតកំណត់ហើយៗនាង Sebyul និងនាង Haena ដែលជាសមាជិក២នាក់ផ្សេងទៀត ធ្លាប់បាននិយាយនៅលើបណ្តាញសង្គម Instagram របស់ពួកនាងដូចគ្នា ពីការចាកចេញពីទីភ្នាក់ងារមួយនេះ។

សូមបញ្ជាក់ថា ក្រុមតារាចម្រៀងស្រីកូរ៉េ Matilda គឺជាក្រុមមានសមាជិក៤រូប ដែលបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងពិភពសិល្បះកូរ៉េខាងត្បូង កាលពីខែមីនា ឆ្នាំ២០១៦ ជាមួយនឹងបទចម្រៀង “Macarena”  ៕