ប៉ូលិស​ប៉ុស្តិ៍ចាក់អង្រែលើ វាយខ្នោះ​ជនសង្ស័យ៣នាក់ បន្ទាប់ពីឆែករក​ឃើញថ្នាំញៀន

12-09-2019 8:37am

ភ្នំពេញៈ​ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងអន្តរាគមន៍នៃអធិការដ្ឋានខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានធ្វើការឃាត់ខ្លួន បន្ទាប់ពីឆែករកឃើញថ្នាំញៀន៤កញ្ចប់ កាលពីវេលាម៉ោង១២៖៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០១៩ នៅចំណុចជិតសំណង់មិនរៀបរយ នៅលើផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់  សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ គឺកម្លាំងកងអន្តរាគមន៍ខណ្ឌមានជ័យ បានសហការជាមួយកម្លាំងប៉ុស្តិ៍ចាក់អង្រែលើ បានចេញល្បាតក្នុងមូលដ្ឋាន  លុះមកដល់ចំណុចឃាត់ខ្លួនខាងលើ បានប្រទះឃើញបុរស៣នាក់ (ជនសង្ស័យ) កំពុងជិះម៉ូតូមួយគ្រឿងម៉ាក  SUZUKI VIVA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ  1AG-6876 ឌុបគ្នា ធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រ មកដល់ចំណុចកើតហេតុខាងលើ ដោយមានការសង្ស័យ ទើបកម្លាំងល្បាតបានហៅមកសួរនាំ និងសុំធ្វើការត្រួតពិនិត្យឆែកឆេរខ្លួន ជាក់ស្ដែងរកឃើញក្រាមពណ៌សថ្លា  ចំនួន៤កញ្ចប់ នៅក្នុងហោប៉ៅខោ  ទើបកម្លាំងធ្វើការឃាត់ខ្លួនបញ្ជូនទៅធ្វើការសាកសួរទាំងអស់គ្នានៅស្នាក់ការប៉ុស្តិ៍តែម្ដង។

នៅចំពោះមុខសមត្ថកិច្ច  ជនសង្ស័យទាំងបីនាក់ បានឆ្លើយសារភាពថា គ្រឿងញៀនទាំង៤កញ្ចប់នោះ ជារបស់ពួកគេពិតមែន ដែលពួកគេទិញក្នុង១កញ្ចប់ តម្លៃ១ម៉ឺនរៀល  យកទៅជក់ប៉ុណ្ណោះ។

វត្ថុតាងដកហូតបានរួមមាន ៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)  ចំនួន ៤កញ្ចប់តូច និង ទូរស័ព្ទ ចំនួន១ គ្រឿង ម៉ាក Iphone និងម៉ូតូមួយគ្រឿង  ម៉ាក  SUZUKI VIVA ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ  1AG-6876។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ ត្រូវបានឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលចាក់អង្រែលើ ដើម្បីរង់ចាំប្រគល់ឲ្យផ្នែកជំនាញខណ្ឌមានជ័យ កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕