តារាម៉ូដែល ដែលចោទប្រកាន់កីឡាករ Neymar ពីបទចាប់រំលោភ ត្រូវគេប្តឹងបកវិញ ពីបទជំរិតទារប្រាក់ និងបរិហាកេរ្តិ៍

11-09-2019 5:39pm

បាល់ទាត់ៈ កាលពីថ្ងៃអង្គារ ក្រុមនគរបាលនៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល បាននិយាយថា ពួកគេនឹងដាក់ពាក្យបណ្តឹងវាយបក ពាក់ព័ន្ធនឹងការជំរិតទារប្រាក់ និងបរិហាកេរ្តិ៍ ប្រឆាំងនឹងតារាម៉ូដែលប្រេស៊ីលម្នាក់ ដែលបានចោទប្រកាន់តារាបាល់ទាត់ Neymarពីបទចាប់រំលោភសេពសន្ថវៈនោះ។

នាង Najila Trindade បានដាក់ពាក្យបណ្តឹងចាប់រំលោភសេពសន្ថវៈ ទៅកាន់ក្រុមនគរបាលក្រុង Sao Paulo ក្រោយពីវិលត្រឡប់ពីដំណើរកម្សាន្តនៅទីក្រុងប៉ារីសវិញ ដោយនាងបានអះអាងថា នាងត្រូវបានចាប់រំលោភដោយកីឡាករ Neymarបន្ទាប់ពីការណាត់ជួបតាមការគ្រោងទុករបស់ពួកគេ។

ទោះបីជាយ៉ាងណាក៏ដោយ ចៅក្រម បានច្រានចោលបណ្តឹងមួយនេះ កាលពីខែសីហាកន្លងទៅ ដោយពួកគេលើកឡើងថា នាងគ្មានភស្តុតាងគ្រប់គ្រាន់។

ផ្ទុយទៅវិញ ក្រុមរដ្ឋអាជ្ញាក្រុង Sao Paulo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមអ្នកស៊ើបអង្កេត រកឃើញថាពីបំណងជម្រិតទារប្រាក់ និងបរិយាកេរ្តិ៍ នៅក្នុងបណ្តឹងចោទប្រកាន់របស់ស្រ្តីម្នាក់នេះ។

ការសម្រេចចិត្តផ្តាច់ព្រ័ត្រថាតើនឹងកាត់ទោសនាង Trindade ឬយ៉ាងណានោះ នឹងធ្លាក់នៅដៃរបស់ចៅក្រម ជាអ្នកកំណត់៕