អាហ្វហ្គានីស្ថាន ព្រួយបារម្ភថា ជនស៊ីវិលនឹងស្លាប់បន្ថែមទៀត ក្រោយកិច្ចប្រជុំបរាជ័យរវាងអាមេរិក និងក្រុមតាលីបង់

11-09-2019 5:36pm

អាហ្វហ្គានីស្ថានៈ ការបំផ្ទុះគ្រាប់បែក និងការវាយប្រហារ បានកើតមានជាហូរហែរបង្កឡើងដោយក្រុមឧទ្ទាមតាលីបង់នៅក្នុងរដ្ឋធានីកាប៊ុល របស់ប្រទេសអាហ្វហ្គានីស្ថាន  ស្របពេលដែលសហរដ្ឋអាមេរិក និងក្រុមជីវពលមួយនេះ ព្យាយាមបញ្ចាប់សង្រ្គាមអូសបន្លាយពេល១៨ឆ្នាំរបស់ពួកគេនោះ។

កាលពីថ្ងៃទី២ ខែកញ្ញាកន្លងទៅ រថយន្តបង្កប់គ្រាប់បែករបស់ក្រុមឧទ្ទាមតាលីបង់ មានគោលដៅមកលើតំបន់រស់នៅរបស់ជនបរទេស ប៉ុន្តែវាក៏បានបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់អ្នកស្រុក និងបានធ្វើឲ្យគ្រោះថ្នាក់ដល់អាយុជីវិត និងរងរបួស ដល់ជនស៊ីវិលផងដែរ ។

លោកយាយ៉ាត ខាន់ គឺជាពលរដ្ឋអាយុ៥៤ឆ្នាំមួយរូប បាននិយាយថា ក្តីសង្ឃឹមតែមួយគត់របស់ពួកយើង គឺសន្តិភាព ប៉ុន្តែពេលនេះ វានៅតែមិនកើតឡើងដដែល។

សូមបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បាននិយាយថា កិច្ចប្រជុំស្វែងរកសន្តិភាពរវាងអាមេរិក និងក្រុមឧទ្ទាមតាលីបង់ ដើម្បីបញ្ចប់សង្រ្គាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន លែងមានន័យទៀត ហើយលោកបានចោទប្រកាន់ថា អំពើហិង្សាបង្កឡើងដោយក្រុមជីវពលមួយនេះ គឺជាដើមចមតែមួយគត់ ធ្វើឲ្យកិច្ចព្រមព្រៀងសន្តិភាពនេះបរាជ័យ៕