ពលរដ្ឋនៅឃុំកណ្តៀងរាយ ចាប់យករបរធ្វើនំបញ្ចុក ធ្វើឲ្យពួកគាត់ អាចរកប្រាក់ចំណូលមកផ្គត់ផ្គង់គ្រួសារបានល្អប្រសើរ

11-09-2019 5:14pm

ស្វាយរៀងៈ នំបញ្ចុក គឺជាអាហារមួយប្រភេទ ដែលប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា បានស្គាល់ និងនិយមទទួលទានជាទូទៅជាមួយនិងអាហារដ៏ពេញនិយមនេះ ប្រជាពលរដ្ឋមួយចំនួននៅភូមិក្បាលថ្នល់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង បានចាប់យករបរធ្វើនំបញ្ចុក ខណៈគ្រួសារខ្លះបាន១០ឆ្នាំងជាង ដែលមុខរបរមួយនេះ អាចរកប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារបានមធ្យម ពោលគឺមួយខែអាចសល់បានរាប់ពាន់ដុល្លារ។

បើតាមលោក មាស សំអឿន រស់នៅភូមិ ក្បាលថ្នល់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងថា គ្រួសាររបស់គាត់បានចាប់យករបរធ្វើនំបញ្ចុកនេះ តាំងពីឆ្នាំ២០០៧ មកម្លេះ ដោយក្នុងមួយថ្ងៃធ្វើយ៉ាងតិច១០០គីឡូក្រាមជាង ហើយបើថ្ងៃណាមានម៉ូយកុម្មង់ច្រើនរហូតដល់ជាង៣០០គីឡូក្រាម ដោយលក់បានក្នុងមួយគីឡូក្រាមចាប់ពី១៨០០រៀល២០០០រៀល ការធ្វើនំបញ្ចុកនេះ សម័យបច្ចុប្បន្នពួកគាត់ប្រើម៉ាស៊ីន និងម៉ូទ័រអូសខុសពីសម័យមុនៗ ដោយផលិតនំបញ្ចុកបុកដោយក្បាល់ជាន់ ឬបុកដោយដៃ។

លោក បន្តថា ការធ្វើនំបញ្ចុក គឺត្រូវប្រើអង្ករមកកិនធ្វើម្សៅ បន្ទាប់មកយកម្សៅមកវាយចូលគ្នាឲ្យសព្វ រួចដាក់ចូលក្នុងប៉ែនសង្កត់ក្នុងទឹកក្តៅចំអិនរហូតដល់ឆ្អិន ទើបយកមកចាប់ជាចង្វាយ។

លោកបន្ថែមទៀតថា ការធ្វើនំបញ្ចុក យើងត្រូវងើបតាំងពីម៉ោង៣ឬ៤ជិតភ្លឺ ដើម្បីរៀបរៀបចំត្រាំអង្ករ កិនជាម្សៅ ដាំទឹក ធ្វើរហូតដល់ម៉ោង៨ ឬ៩ ព្រឹក តាមតិច ឬច្រើន។ នៅពេលធ្វើហើយ មានម៉ូយមកយក ឬផ្ញើឲ្យគេ ខណៈម៉ូយខ្លះ នៅឆ្ងាយដូចជាតាមភូមិ និងតាមបណ្តាស្រុក ផ្សេងៗ ក៏មាន ។

ហើយមុខរបរមួយ នេះមើលទៅកាក់កបគ្រាន់បើ ពីព្រោះជីវភាពពួកគាត់ល្អ និងថែមទាំងផ្តល់ការងារអោយបងប្អូននៅក្នុងភូមិជាពិសេសចាស់ៗមកជួយធ្វើរកកម្រៃបានខ្លះ។ ជាមួយ និងការប្រកបរបរនេះអាជ្ញាធរក្រុងតែងជួយសម្របសម្រួលដល់ ពួកគាត់ពិសេសត្រូវគោរពទៅតាមច្បាប់ ក្នុងនោះអាជ្ញាធរតែង ចុះពិនិត្យ ដើម្បីកុំប៉ះពាល់បរិស្ថាន និងប្រជា ពលរដ្ឋដែលរស់នៅក្បែរនោះ៕