អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពទឹកជំនន់លិចផ្លូវជាច្រើនកន្លែង នៅស្រុកស្ទឹងត្រង់  និងសួរសុខទុក្ខពលរដ្ឋនៅទីទួលសុវត្ថិភាពក្នុងស្រុកព្រៃឈរ

11-09-2019 5:00pm

កំពង់ចាមៈ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាម អមដំណើរដោយ មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ    បានអញ្ជើញ ចុះពិនិត្យស្ថានភាពទឹកជន់លិចកំណាត់ផ្លូវលេខ៧១C (២២២ចាស់) ស្រុក ស្ទឹងត្រង់-ស្រុកចំការលើ ដែលទឹកហូរលិចផ្លូវចំនួន០៤កន្លែង ពីចំណុចទំនប់ត្រួយជន្លុះទៅដល់ចំណុចទួលពោធិ៍ ភូមិទួលពោធិ៍ ឃុំព្រែកកក់ ហើយបានបន្តដំណើរចុះពិនិត្យការដ្ឋានជួសជុលស្ពានដីលើទួលរកា ដែលរងការបាក់សសរទ្រស្ពានមួយកន្លែង នៅភូមិទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរ ក៏ដូចជា កងកម្លាំងសមត្ថកិច្ច  ត្រូវទប់ស្កាត់រថយន្តធន់ធ្ងន់មិនឲ្យធ្វើចរាចរណ៍ឆ្លងកាត់លើកំណាត់ផ្លូវ ដែលទឹកជំនន់បានជន់លិចនោះឡើយ។

ដោយឡែកនារសៀលថ្ងៃដដែលនោះ លោកអភិបាលខេត្តកំពង់ចាម បានបន្តដឹកនាំមន្រ្តីពាក់ព័ន្ធ អញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយគ្រោះទឹកជំនន់ ដែល បានជម្លាសពួកគាត់ និងសត្វពាហនៈមកស្នាក់នៅលើទទួលសុវត្ថិភាព ស្ថិតនៅក្នុងភូមិកំពង់សំណាញ់ ឃុំមាន ស្រុកព្រៃឈសរុប១២២គ្រួសារ ស្មើនឹង៥២៣នាក់។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារទ្រព្យសម្បត្តិ សុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ។ ក្នុងករណីមានបញ្ហាសូមទំនាក់ទំនងមកអាជ្ញាធរ សមត្ថកិច្ចដើម្បីអន្តរាគមន៍សង្រ្គោះបានទាន់ពេលវេលា។

យោងតាមរបាយការណ៍របស់លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម បានបញ្ជាក់ថា ចាប់គិតត្រឹមព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ ទឹកទន្លេមេគង្គ ខេត្តកំពង់ចាម បានហក់ឡើងកម្ពស់១៥.៧៥ម៉ែត្រ បើប្រៀបធៀបនឹងថ្ងៃម្សិលមិញ កើនឡើង ០.០២ម៉ែត្រ ដែលខ្ពស់ជាងកំរិតប្រកាសអាសន្ន១៥.២០ម៉ែត្រ ដោយឡែកឆ្នាំ២០១៨កន្លងទៅ ទឹកមានកម្ពស់១៤.៦៦ម៉ែត្រ៕