ពិភពអារ៉ាប់ ថ្កោលទោសផែនការ ប្រកាសឯករាជ្យនៅតំបន់កាប់កាប់វ៉េសប៊ែងរបស់អ៊ីស្រាអែល

11-09-2019 4:45pm

អ៊ីស្រាអែលៈ បណ្តាប្រទេសអារ៉ាប់ បានធ្វើការថ្កោលទោសចំពោះផែនការរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ ដើម្បីប្រកាសឯករាជ្យនៅ តំបន់កាន់កាប់វ៉េសប៊ែង។

កាលពីថ្ងៃអង្គារម្សិលមិញ លោកណេតាន់យ៉ាហ៊ូ បានសន្យាដាក់អធិបតេយ្យភាពទឹកដីអ៊ីស្រាអែលនៅតំបន់ជ្រលងភ្នំ Jordan Valley និងតំបន់ភាគខាងជើង Dead Sea បើសិនជាលោកវិលត្រឡប់មកកាន់អំណាចវិញ បន្ទាប់ពីការបោះឆ្នោតសកលនៅសប្តាហ៍ក្រោយ។

ក្រុមមន្រ្តីនៅប្រទេសហ្សកដានី តួកគី និងអារ៉ាប៊ីសាអូឌីត បានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះការប្រកាសបែបនេះ។

ដោយឡែក លោក សេប អេរ៉េកាត គឺមន្រ្តីចរចាដ៏សំខាន់របស់ប៉ាឡេស្ទីន បាននិយាយថា ការសម្រេចចិត្តបែបនេះគឺខុសច្បាប់យ៉ាងជាក់ស្តែង។

លោក សេប បាននិយាយថា ការប្រកាសតំបន់ឯករាជ្យស្នើសុំដោយលោកណេតាន់យ៉ាហ៊ូ នឹងក្លាយជាឧក្រិដ្ឋកម្មសង្រ្គាមដែលធ្វើឲ្យបាត់បង់ឱកាសសន្តិភាព។

ខណៈពេលនោះដែរ ក្រុមសម្ព័ន្ធអារ៉ាប់ បានធ្វើការថ្កោលទោសដូចគ្នា ដោយចាត់ទុកការប្រកាសដ៏គ្រោះថ្នាក់នេះ គឺជាការឈ្លានពាន។

សូមបញ្ជាក់ថា អ៊ីស្រាអែល បានកាន់កាប់តំបន់វ៉េសប៊ែង ចាប់តាំងពីសង្រ្គាមមជ្ឈិមបូព៌ារយៈពេល៦ថ្ងៃ កាលពីឆ្នាំ១៩៦៧មកម្ល៉េះ ប៉ុន្តែពួកគេបានឈប់ប្រកាសជាតំបន់ឯករាជ្យ៕