អ្នកនាំពាក្យក្រសួងអប់រំ ថា មិនបើកចំហឲ្យបេក្ខជនដូច២០១៨ ខណៈពួកគេតវ៉ាពិន្ទុប្រឡងបាក់ឌុប

11-09-2019 2:23pm

ភ្នំពេញៈ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្រសួងមិនមានគោលការណ៍បើកចំហជូនបេក្ខជនដូចឆ្នាំ២០១៨ទេ ក្រោយពីមានបេក្ខជនប្រឡងធ្លាក់សញ្ញាបត្រទុតិយភូមិ(បាក់ឌុប) ផ្ទុះការតវ៉ាចំពោះពិន្ទុថា មិនត្រឹមត្រូវនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ។

លោក រស់ សុវាចា បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ កញ្ញា ថា ក្រសួងមិនមានគោលការណ៍បើកចំហរជូនបេក្ខជនដូចឆ្នាំ២០១៨ទេ។ ក្រសួងយល់ពីមនោសញ្ចេតនារបស់បេក្ខជន និងក្រុមគ្រួសារក្រោយពីទទួលលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនីមួយៗ ។

លោកបន្តថា ជាទូទៅ ក្រសួងអប់រំ ស្វាគមន៍មតិរិះគន់ស្ថាបនា និងឆ្លើយតបតាមភាពចាំបាច់ និងតាមគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន។ សុក្រឹតភាព និងប្រសិទ្ធភាពនៃគ្រប់ដំណាក់កាលប្រឡងឆ្នាំនេះ បានមកពីកិច្ចសហការរបស់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រុមការងារកំណែក្រដាសកិច្ចការបេក្ខជន ក្រុមការងារស្រង់ បូកពិន្ទុដោយកំព្យូទ័រ និងពិនិត្យផ្ទៀងផ្ទាត់ពិន្ទុ។

លោកអ្នកនាំពាក្យសង្កត់ធ្ងន់ថា ដូច៥ឆ្នាំកន្លងមក ក្រសួងក៏បានទទួលកិច្ចសហការ ពីអង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងមហាផ្ទៃ សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួង-ស្ថាប័ននានា ដើម្បីឲ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨ ក៏មានបេក្ខជនប្រឡងជាប់មកតវ៉ាផងដែរ ទាក់ទងនឹងពិន្ទុមានការបូកស្រង់ខុស ហើយក្រសួងក៏បានយល់ព្រមធ្វើការបូកសរុបសារជាថ្មី។ ខាងក្រសួងក៏បានបកស្រាយថា ការស្រង់ពិន្ទុខុសនេះ ដោយសារបញ្ហាបច្ចេកទេសកុំព្យូរទ័រ។ ប៉ុន្តែឆ្នាំ២០១៩នេះ បើតាមលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ដោយសារមានបទពិសោធន៍បូកពិន្ទុខុសដូចឆ្នាំ២០១៨នោះ លោកបានប្តេជ្ញាមុនការប្រឡងនៅឆ្នាំនេះ ថា មិនឲ្យមានកំហុសដូចឆ្នាំ២០១៨ទេ ព្រោះមានការសម្រិតសម្រាំងយ៉ាងច្បាស់លាស់៕