អែបរថយន្ត ​ចូលច្រៀងខារ៉ាអូខេ ត្រូវរថយន្តស្លាកលេខរដ្ឋ មួយគ្រឿង បុករុញផ្ទប់នឹងកង់បីឥណ្ឌាចតលើចិញ្ចើមផ្លូវ ធ្វើឲ្យសន្តិសុខម្នាក់ រង​របួស

11-09-2019 2:20pm

ភ្នំពេញៈ រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ អែបខាងស្តាំបម្រុងចត បំណងចូលច្រៀងខារ៉ាអូខេ ស្រាប់តែរថយន្តម៉ាក PATROL  បើកមកពីក្រោយ ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលមកបុកពេញទំហឹងរុញទៅបុករ៉ឺម៉កឥណ្ឌា ដែលចតលើចិញ្ចើមផ្លូវ បណ្តាលឲ្យបុរសជាសន្តិសុខរបួសម្នាក់ ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៖៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខខារ៉ាអូខេJ KTV តាមបណ្តោយផ្លូវលេខ៤៨៨  ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេ បានឃើញរថយន្តស៊េរីទំនើបម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2AH 2118 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៨៨ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែអែបខាងស្តាំងដៃ ចំណងចូលច្រៀងក្នុង KTV ខាងលើ​តែភ្លាមនោះស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក PATROL ពណ៌ស ពាក់ស្លាកលេខរដ្ឋ ១៧ 2-0426  ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿន ក៏ជ្រុលបុកពីចំហៀងពេញទំហឹងរុញទៅបុករ៉ឺម៉កឥណ្ឌា ដែលចតលើចិញ្ចើមផ្លូវបណ្តាលអោយរងការខូចខាតទាំងបីគ្រឿង និងធ្វើអោយសន្តិសុខ ដែលយាមខារ៉ាអូខេJ របួសម្នាក់។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្ត និងរ៉ឺម៉កឥណ្ឌាត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញ  ដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕