ប៉ូលិសស្ទឹងមានជ័យ វាយខ្នោះ​ជនសង្ស័យ៣នាក់ ក្រោយ​ឆែករកឃើញថ្នាំញៀន និងដែកឆ្កឹះសោចំនួន២

11-09-2019 12:02pm

ភ្នំពេញៈ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋានខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ បាន​ឃាត់ខ្លួនជនសង្ស័យ៣នាក់​ ក្រោយជិះម៉ូតូឌុបគ្នា ដោយមានការសង្ស័យ សមត្ថកិច្ចបានហៅសួរនាំ និងសុំធ្វើការត្រួតពិនិត្យឆែកឆេររកឃើញថ្នាំញៀន​៤កញ្ចប់ ទើបសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍ភ្លាមៗ។

ការឃាត់ខ្លួនខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១២:២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខស្ថានីយចាក់សាំង សូគីម៉ិច លើផ្លូវ៣០ម៉ែត្រ  កែងផ្លូវវេងស្រេង ក្នុងភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យ ទី៣ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។

លោកអនុសេនីយ៍ឯក ឯម ភារី នាយប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានប្រាប់ឲ្យដឹងថា  មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ គឺអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព និងចូលរួមប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានដាក់ផែនការដល់បណ្តាប៉ុស្តិ៍រដ្ឋបាលទាំង៧ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឲ្យយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រប់ប្រភេទ  និងបង្កើនការយកចិត្តទុកដាក់ ក្នុងការចេញល្បាតពួនស្ទាក់ និងត្រៀមលក្ខណៈអន្តរាគមន៍ ទប់ស្កាត់បទល្មើសផ្សេងៗ  ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន កម្លាំងកងអន្តរាគមន៍ខណ្ឌមានជ័យ  សហការជាមួយកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានចេញល្បាតក្នុងមូលដ្ឋាន  លុះមកដល់ចំណុចឃាត់ខ្លួនខាងលើ បានប្រទះឃើញបុរស៣នាក់ (ជនសង្ស័យ) កំពុងជិះម៉ូតូមួយគ្រឿង ម៉ាក  Smash Revo ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ  1AG-2704 ឌុបគ្នា ធ្វើដំណើរតាមផ្លូវ បេតុងចំណុចឃាត់ខ្លួនខាងលើ ដោយមានការសង្ស័យ  កម្លាំងល្បាតបានហៅមកសួរនាំ និងសុំធ្វើការត្រួតពិនិត្យឆែកឆេរខ្លួនរកឃើញ ក្រាមពណ៌សថ្លា  ចំនួន៤កញ្ចប់ រួមទាំងដែកឆ្កឹះសោ នៅក្នុងហោប៉ៅខោរបស់ជនសង្ស័យ២នាក់  ដែលជិះពីក្រោយ ទើបកម្លាំងធ្វើការឃាត់ខ្លួន បញ្ជូនទៅធ្វើការសាកសួរទាំងអស់គ្នានៅស្នាក់ការប៉ុស្តិ៍តែម្ដង។

វត្ថុតាងដកហូតបានរួមមាន ៖ ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន)ចំនួន៤កញ្ចប់តូច និងសម្ភារៈសម្រាប់ឆ្កឹះសោចំនួន២ និងម៉ូតូមួយគ្រឿង ម៉ាក Smash Revo ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1AG-2704។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ ត្រូវបានឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីរងចាំប្រគល់ឲ្យផ្នែកជំនាញខណ្ឌមានជ័យ កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕