អ៊ិន សុភិន ទទួចឲ្យមហាជនបន្តគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា

11-09-2019 11:19am

ភ្នំពេញៈ យោងតាមការបង្ហោះរបស់លោក អ៊ិន សុភិន គឺលោកបានចំណាយពេលទៅគាំទ្រការប្រកួតបាល់ទាត់រវាងក្រុមកម្ពុជា និងប្រទេសបារ៉ែន ដែលជម្រុះ World Cup ជុំទី២ នៅស្ដាតអូឡាំពិកកាលពីយប់ថ្ងៃទី១០ កញ្ញា មុននេះ។ បើទោះជាក្រុមកម្ពុជាបរាជ័យ តែលោកបានទទូចឲ្យលើកទឹកចិត្តដល់ក្រុមកម្ពុជា ឲ្យកាន់តែច្រើនបន្ថែមទៀត។

លោក អ៊ិន សុភិន បានបង្ហោះក្រោយបញ្ចប់ការប្រកួតបាល់ទាត់ថា "55,000នាក់សំរាប់ថ្ងៃនេះ (10/09/2019) កម្ពុជាគាំទ្របាល់ទាត់ណាស់ ទោះចាញ់1-0 ក៏នៅតែគាំទ្រកីឡាករជម្រើសជាតិយើងដែរ  ស៊ូៗបន្តទៀតខ្ញុំគាំទ្រអ្នកជានិច្ច"។ ការបង្ហោះសារអមដោយរូបភាពទៅអង្គុយទស្សនារបស់លោក បានធ្វើឲ្យមានការសរសើរយ៉ាងខ្លាំងថា លោកពិតជាផលិតករ ដែលមានបេះដូងកីឡាយ៉ាងពិតប្រាកដ ដោយក្រៅ​ពីបានចំណាយធនធានផ្ទាល់ខ្លួនបង្កើតក្រុមបាល់ទាត់មហាហង្ស ដោយប្រមែប្រមូលតារាៗឲ្យក្លាយជាអ្នកបាល់ទាត់អាជីព ដើម្បីបំផុសឲ្យមានការគាំទ្រកីឡាករបាល់ទាត់នៅកម្ពុជា ក៏បានចំណាយពេលដ៏មមាញឹកទៅទស្សនាបាល់ទាត់ដោយផ្ទាល់ដល់ស្តាតអូឡាំពិកទៀត។

លោកធ្លាប់ប្រកាសថា បើទោះលោកជាអ្នកសិល្បៈ ប៉ុន្តែលោកក៏មានទឹកចិត្តស្រលាញ់ និងចង់បំផុសពីវិស័យកីឡាករផងដែរ ទើបលោកតែងចំណាយពេលវេលា និងធនធានផ្ទាល់ខ្លួន គាំទ្រដល់វិស័យបាល់ទាត់នៅកម្ពុជា។ ក្នុងនោះលោកក៏បានបន្តកៀរគរតារាល្បី ទាំងក្នុង និងក្រៅផលិតកម្ម ឲ្យស្ម័គ្រចិត្តចូលលេងបាល់ទាត់កាន់តែច្រើន ដើម្បីឲ្យវិស័យមួយនេះ កាន់តែទទួលបានការចាប់អារម្មណ៍ផងដែរ។

គួរបញ្ជាក់ផងដែរថា ការប្រកួតជម្រុះវគ្គ World Cup រវាងក្រុមកម្ពុជា និងក្រុមបារ៉ែន នៅស្ដាតអូឡាំពិកកាលពីថ្ងៃទី១០ កញ្ញា ក្រុមកម្ពុជាបានចាញ់បារ៉ែន១ទល់នឹងសូន្យ ប៉ុន្តែគេនៅមើលឃើញថា អ្នកគាំទ្ររបស់កម្ពុជា ពេញចិត្តចំពោះលទ្ធផលនៅក្នុងថ្ងៃនោះ។ លោក អ៊ិន សុភិន ក៏ជាអ្នកគាំទ្រជម្រើសជាតិកម្ពុជា យ៉ាងងប់ងល់ផងដែរ ដោយថែមទាំងទទូចឲ្យបន្តលើកទឹកចិត្តជូនដល់កីឡាករកម្ពុជាផង ដែលនេះ គឺជាសារដ៏មានតម្លៃមួយ ក្នុងការបំផុសឲ្យមានការចាប់អារម្មណ៍លើវិស័យបាល់ទាត់៕