អេហ្ស៊ីប អំពាវនាវ​ឲ្យដកប្រទេសស៊ូដង់ ចេញពីបញ្ជីឈ្មោះគាំទ្រអំពើភេរវកម្ម​ របស់សហរដ្ឋអាមេរិក

10-09-2019 5:11pm

ស៊ូដង់ៈ រដ្ឋមន្រ្តីការបរទេសអេហ្ស៊ីប លោកសាម៉េ ស៊ូគ្រី ចង់ឲ្យមានការគាំទ្របន្ថែមទៀតសម្រាប់រដ្ឋាភិបាលស៊ីវិលថ្មីរបស់ប្រទេសជិតខាងស៊ូដង់ ដែលរួមទាំងការដកចេញប្រទេសមួយនេះ ពីបញ្ជីឈ្មោះរដ្ឋគាំទ្រអំពើភេរវកម្ម។

លោកសាម៉េ បាននិយាយថា ទីក្រុងគែ កំពុងធ្វើការជាមួយទីក្រុងវ៉ាស៊ីងតោន និងប្រទេសផ្សេងទៀត ដើម្បីដកប្រទេសស៊ូដង់ ចេញពីបញ្ជីឈ្មោះ។

លោកបានថ្លែងបែបនេះនៅក្នុងសន្និសីទកាសែត កាលពីថ្ងៃចន្ទ នៅក្នុងរដ្ឋធានីខាទូម ប្រទេសស៊ូដង់ថា ជាមួយរដ្ឋមន្រ្តីការបរទេសស៊ូដង់ គឺលោកស្រី អាស្មា អាប់ដាឡា។

លោកស្រី អាស្មា បានឡើងស្បថសច្ចាប្រណិទានកាលពីរយៈពេល១ថ្ងៃមុន ដែលជាផ្នែកមួយនៃគណៈរដ្ឋមន្រ្តីលើកដំបូង ចាប់តាំងពីយោធា បានទម្លាក់អំណាចលោកប្រធានាធិបតី អូម៉ា អាល់ បាសៀ កាលពីខែមេសា កន្លងទៅ បន្ទាប់ពីមហាបាតុកម្មទាមទារលទ្ធិប្រជាធិបតេយ្យ។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិក បានប្រកាសប្រទេសស៊ូដង់ ថាជារដ្ឋគាំទ្រអំពើភេរវកម្ម កាលពីឆ្នាំ១៩៩៣ ហើយនាយករដ្ឋមន្រ្តីស៊ូដង់ លោកអាប់ដាឡា ហាមដុក បាននិយាយកាលពីសប្តាហ៍មុនថា លោកចូលរួមពិភាក្សាការងារយ៉ាងយូរជាមួយរដ្ឋបាលលោកត្រាំ លើបញ្ហាមួយនេះ៕