អតីតអគ្គលេខា UN អះអាងថា លោកត្រាំ ខុសធ្ងន់ចំពោះបញ្ហាបម្រែបម្រួលអាកាសធាតុ

10-09-2019 4:47pm

ក្រុងប៉េកាំងៈ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បានតតាំងដោយពាក្យសម្តីជាមួយគោលជំហររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ លើបញ្ហាបម្រែបម្រួលអាកាសធាតុ ដោយលោកបានចាត់ទុកសេចក្តីអធិប្បាយរបស់លោកត្រាំ ថាជាកំហុសធ្ងន់ធ្ងរខាងវិទ្យាសាស្រ្ត និងមិនមានទំនួលខុសត្រូវខាងនយោបាយ។

លោក គីមូន ថ្លែងបែបនេះ នៅទីក្រុងបេកាំង ប្រទេសចិន មុនការបញ្ចេញនូវរបាយការណ៍ថ្មីជំរុញឲ្យរដ្ឋាភិបាល និងក្រុមអ្នកជំនួញ ដោះស្រាយផលវិបាកនៃបម្រែបម្រួលអាកាសធាតុ ដើម្បីប៉ះប៉ូវពីលើការព្យាយាមទប់ស្កាត់វា។

លោកគីមូន បាននិយាយថា  មាននូវភាពចាំបាច់ខាងសិលធម៌ សេដ្ឋកិច្ច និងបរិស្ថាន សម្រាប់ការវិនិយោគទុនលើបម្រែបម្រួលអាកាសធាតុ។

របាយការណ៍នេះ ត្រូវបានបញ្ចេញដោយគណកម្មការសកលស្តីពីការសម្របសម្រួល ដែលជាក្រុមមេដឹកនាំអន្តរជាតិមកពីខាងជំនួញ នយោបាយ និងវិទ្យាសាស្រ្ត ដែលរួមទាំងលោក គីមូន និងសហស្ថាបនិកបង្កើតក្រុមហ៊ុន Microsoft គឺលោកប៊ីល ហ្គេត ផងដែរ។

វានឹងអំពាវនាវឲ្យមានការវិនិយោគទុនទ្រង់ទ្រាយធំ ក្នុងការសម្របសម្រួលបម្រែបម្រួលអាកាសធាតុ ក្នុងរយៈពេល១ទសវត្សរ៍ក្រោយ ។

របាយការណ៍នេះដែរ ស្នើសុំឲ្យមានការវិនិយោគទុន១.៩ទ្រីលានដុល្លារ ចន្លោះឆ្នាំ២០២០ និងឆ្នាំ២០៣០ នៅលើវិស័យជាច្រើន ដូចជាប្រព័ន្ធប្រកាសអាសន្ន ហេដ្ឋារចនាសម្ព័ន្ធដែលអាចទប់ទល់នឹងកម្រិតកើនឡើងនៃនីវ៉ូទឹកសមុទ្រ និងអាកាសធាតុក្តៅ ក៏ដូចជាពង្រឹងដល់វិស័យកសិកម្ម  ដើម្បីទប់តប់ជាមួយគ្រោះរាំងស្ងួត៕